(ភ្នំពេញ)៖​ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

កិច្ចប្រជុំនោះ​មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង អធិការនគរបាលខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះ ជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។​

លោក នុត ពុធដារ៉ា បានណែនាំដល់អង្គប្រជុំលើការងារសំខាន់ៗ គឺយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព បង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើស លួច ឆក់ប្លន់គ្រប់ប្រភេទ ជាពិសេសនៅក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

បន្ថែមពីនេះ ​ចៅសង្កាត់ទាំងអស់ បំផុសប្រជាពលរដ្ឋឲ្យរៀបចំផ្ទះសម្បែងឲ្យបានស្អាត ដើម្បីទទួលទេវតាឆ្នាំថ្មី និងប្រុងប្រយ័ត្នបញ្ហាគ្រោះអគ្គិភ័យ ចំពោះភ្លើងធូបទៀន ហើយត្រូវពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយ មុននឹងចេញដំណើរទៅទីជិតទីឆ្ងាយ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ដោយឡែក នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ក្នុងមូលដ្ឋានត្រូវរៀបចំតែងលម្អ ឲ្យបានស្អាត និងត្រួតពិនិត្យបញ្ហាអនាម័យបរិស្ថានតាមដងផ្លូវ ជាពិសេសត្រូវឲ្យចិត្តទុកដាក់ អនុវត្តការងារត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស និងត្រូវរាយការណ៍​ឲ្យបានជាប់ជាប្រចាំ។

ជាមួយគ្នានេះ​ លោកអភិបាលខណ្ឌដង្កោ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន​ ក៏ដូចជាទីកន្លែងផ្សេងទៀត​ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ​ នៅតាមវត្តអារាម​ ដែលលោកបានប្រាប់ទៅមន្រ្តី​ និងអាជ្ញាធរមូលដ្ឋានឲ្យរៀបចំកម្មវិធីឡើង​ ចៀសវាងទៅប្រព្រឹត្តល្បែងស៊ីសងផ្សេងៗ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើពិធីប្រកាសតែងតាំងអនុប្រធានការិយាល័យច្រកចេញចូលតែមួយ អនុប្រធានអង្គភាពលទ្ធកម្ម និងស្មៀនសង្កាត់ទៀនផងដែរ៕