(ភ្នំពេញ)​៖​ លោក ​ស៊ូ​ ស៊ីវុត្ថា​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​​ភូមិ​បាល​ ខណ្ឌ​ព្រែក​ព្នៅ នៅព្រឹកថ្ងៃទី០​៩​ ខែ​មេសា​ ឆ្នាំ​២០១៨នេះ ​បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺជុំវិញ​ដំណើរ​រឿង​ក្លែងឯកសារដោយអ្នកជំនាញ ដែលចោទប្រកាន់ដោយព្រះរាជអាជ្ញាអមតុលាការ។

ក្រៅពីលោក ស៊ូ ស៊ីវុត្ថា ក៏មានមន្ត្រីជំនាញផ្នែកសូរិយោដី៣នាក់ផ្សេងទៀត បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខចៅក្រមតុលាការផងដែរ ក្នុងនាមជាសាក្សីដោះបន្ទុក ប៉ុន្ដែនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទាំងជនត្រូវចោទ ទាំងសាក្សីបំភ្លឺត្រូវបានតុលាការអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ។

​សំណុំរឿង​លោក​ ស៊ូ​ ស៊ីវុត្ថា​ កាន់​តែ​ក្តៅ​ហើយ​ ទោះ​បី​ជា​បច្ចុប្បន្ន​ជនត្រូវចោទ​រូប​នេះ ​កំពុង​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ក៏​ដោយ​ ព្រោះព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ជូន​ដំណឹង​អំពី​ការ​ចោទប្រកាន់​នេះ​ ទៅ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ​​ដើម្បី​មាន​ចំណាត់​ការ​បន្ត​ទៀត​។

លោក​ ស៊ូ​ ស៊ីវុត្ថា​ ត្រូវ​បានលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​ចោទប្រកាន់​ពី​បទ​ ក្លែងដោយអ្នកជំនាញ តាមមាត្រា៥៥១ នៃក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ​ទៅ​១០លាន​រៀល​​។

សូមរំលឹកថា កាលពី​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​​ លោក​ យ៉េត​ ចរិយា​ ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ជូន​ដំណឹង​ដល់​លោក​ អង្គ​​វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ អំពី​ការ​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ​ ស៊ូ​ ស៊ីវុត្ថា​ អាយុ​៥០ឆ្នាំ​ ជា​ប្រធាន​ភូមិ​បាល​ ខណ្ឌ​ព្រែក​ព្នៅ​ ដោយ​យោង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ៤៧៣៥​ ចុះ​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០១៧​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ តាម​មាត្រា​៥១ថ្មី​ នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ រកឃើញ​ថា​ លោក​ ស៊ូ​ ស៊ីវុត្ថា​ មាន​តម្រុយ​សន្មត់​ថា​ បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​ដោយ​អ្នក​ជំនាញ​ប្រាកដ​មែន​ ហេតុ​ដូច្នេះ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បើក​ការ​ស៊ើបសួរ។

យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​​បង្ហាញ​ថា​ លោក​ ស៊ូ​ ស៊ីវុត្ថា​ ដែល​ជា​អ្នក​ជំនាញ​ខាង​រដ្ឋបាល​ បាន​ធ្វើ​សេចក្ដី​បញ្ជាក់​មួយតាមរយៈ លិខិតលេខ០៧៧របក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ញើទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រង់ទំព័រទី២ បន្ទាត់ទី៧ ដែលមានខ្លឹមសារថា ឈ្មោះ នុត រស្មី បានលើកឡើងថា បើមានបណ្តឹងពីបុគ្គលណាមួយ សូមឲ្យទៅដោះស្រាយនៅសាលាខណ្ឌព្រែកព្នៅ ហើយពួកខ្លួនពុំអាចផ្អាកសកម្មភាពបានទេ​លុះត្រាតែ សាលាខណ្ឌមកផ្អាក​ទើបខ្លួនផ្អាកសកម្មភាពបាន​។ ព្រះ​រាជ​អាជ្ញា​ចាត់ទុក​ថា​ ខ្លឹមសារ​នៃ​លិខិត​បញ្ជាក់​នេះ​ គឺ​ជា​ការ​ក្លែង​ទិន្នន័យ ​នៃ​របាយការណ៍​ ជា​លាយលក្ខណ៍​​អក្សរ​របស់​ខ្លួន​ ដែល​ត្រូវ​អាជ្ញាធរ​ចាត់ទុក​ថា​ជា​ការ​ពិត​ ហើយ​ត្រូវ​កងរាជ​អាវុធ​ហត្ថ​ជឿជាក់​ ហើយ​បាន​ដាក់​បន្ទុក​លើ​ឈ្មោះ​ នុត​ រស្មី​ ហើយ​ធ្វើ​ការ​ឃាត់​ខ្លួន​តែម្ដង នៅក្នុងរឿងទំនាស់ដីធ្លីមួយ នៅក្នុងខណ្ឌព្រែកព្នៅ ដែលមានតម្លៃច្រើនលានដុល្លារ៕