(ព្រះសីហនុ)៖ ជាកាដូថ្មីមួយទៀតមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យមួយដោយកាត់ដីចេញទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ហើយប្រគល់ជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍ នៅលើកោះនេះ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចដូចតទៅ៖

មាត្រា១៖ កាត់ដីទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។

មាត្រា២៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ ១២,១៣ ហិចតា ស្មើរនឹង ១២ក្បាលដី សម្រាប់សាលារៀន៦ក្បាលដី, ប៉ុស្តិ៍រដ្ឋបាល ២ក្បាលដី, សាលាឃុំ ១ក្បាលដី, ទីស្នាក់ការភូមិ ១ក្បាលដី, អង្គភាពកងរាជអាវុធហត្ថ ១ក្បាលដី និងវត្ត ១ក្បាលដី ស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិដូចខាងក្រោម៖

* ភូមិដើមថ្កូវសរុបទំហំ ១២៥,៣១ហិចតា ស្មើ ១៧០ក្បាលដី ក្នុងនោះ ១៦៩ក្បាលដី ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ និងសាលាឃុំ ១ក្បាលដី

* ភូមិព្រែកស្វាយ សរុបទំហំ ១៦៧,៤៥ហិចតា ស្មើ២០០ក្បាលដី ក្នុងនោះមានចំនួន១៩៨ក្បាលដី ជូនប្រជាពលរដ្ឋ៩៦គ្រួសារ, វត្ត១ក្បាលដី និងសាលារៀន១ក្បាលដី

* ភូមិសុខសាន្ត សរុបទំហំ២០០,៤១ ហិចតា ស្មើ១២៨ក្បាលដី ក្នុងនោះ១២៤ក្បាលដី ជូនប្រជាពលរដ្ឋ៦៤គ្រួសារ និងសាលារៀន៤ក្បាលដី។

* ភូមិកោះតូច សរុបទំហំ៣៤,២០ហិចតា ស្មើ១៣៩ក្បាលដី ក្នុងនោះ១៣៤ក្បាលដី ជូនប្រជាពលរដ្ឋពលរដ្ឋ៧៥គ្រួសារ និង៥ក្បាលដី សម្រាប់សាលារៀន១ក្បាលដី, ប៉ុស្តិ៍រដ្ឋបាល២ក្បាលដី, ទីស្នាក់ការភូមិ១ក្បាលដី និងអង្គភាពកងរាជអាវុធហត្ថ១ក្បាលដី។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុង នៃអនុក្រឹត្យដូចខាងក្រោម៖