(សៀមរាប)៖ បន្ទាប់ពីចូលរួមក្នុងពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Dato' Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានជំនួបពិភាក្សាការងារអំពីវឌ្ឍនភាពទាំងឡាយរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តបានយ៉ាងល្អប្រសើរ។

លោក Dato' Lim Jock Hoi បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលកម្ពុជាបានកំពុងខិតខំសម្រេចបាន ទាំងកិច្ចការងារបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) និងទាំងក្នុងក្របខណ្ឌអាស៊ានទាំងមូល ជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធានាគាំពារជំរុញដល់កំណើនសេដ្ឋកិច្ច និងមិនត្រឹមតែបង្កើននូវធនធានមនុស្សសម្រាប់ទាក់ទាញវិនិយោគពាណិជ្ជកម្មផ្សេងៗប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយធានានូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរនេះដែរ នឹងផ្តល់នូវគុណប្រយោជន៍បន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងសុវត្ថិភាពការងារ ជាពិសេសការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំច្បាប់ បទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗដល់កម្ពុជា ព្រមទាំងបានរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តាលវិជា្ជជីវៈ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ និងលើកមុខមាត់ដល់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕