(ភ្នំពេញ)៖ ដូចតាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចំណាយថវិកាផ្ទាល់របស់សម្ដេចចំនួន ១៤៥,៣០០ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភលើកទឹកចិត្ត ចំពោះម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ខណៈថវិកានេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នាំយកមកប្រគល់ជូនម្ចាស់មេដាយស៊ីហ្គេមរួចហើយ នៅយប់ថ្ងៃអង្គារ៍ ទី០៣ ខែមេសានេះ ។

ការនាំយកថវិកាផ្ទាល់របស់សម្ដេចតេជោ មកប្រគល់ជូនម្ចាស់ជ័យលាភីកីឡាស៊ីហ្គេមនេះ បានធ្វើឡើងភ្លាមៗ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន  ក្រោយបញ្ចប់ពិធីពិសារអាហារសាមគ្គី មហាគ្រួសារកីឡាជាតិ លើកទី៣ រវាងសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ថ្នាក់ដឹកនាំ សមាជិករបស់សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងព្រឹទ្ធាចារ្យកីឡាជើងចាស់សរុបចំនួន ៣,៩៩៧នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ។

សូមរំឮកថា សមិទ្ធិផលទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៤គ្រឿង, មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៣៥គ្រឿង ។ តាមគោលការណ៍របស់សម្ដេច រាល់ការដណ្ដើមបានមេដាយស៊ីហ្គេម ក្រៅពីទទួលបានប្រាក់រង្វាន់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្ដេចបានប្រកាសឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចបន្ថែម ដោយមេដាយមាស ១គ្រឿងទទួលបាន ៥,០០០ដុល្លារ , មេដាយប្រាក់ ១គ្រឿង ៣,០០០ដុល្លារ និងមេដាយសំរឹទ្ធ ១គ្រឿង ២,០០០ដុល្លារ ។ លើសពីនេះ គ្រូបង្វឹក និងគ្រូជំនួយក៏ទទួលបានការកំណត់ផងដែរ ដែលសរុបសម្ដេចតេជោ ហ៊ុន សែន បានចំណាយអស់ ១៤៥,៣០០ដុល្លារ ៕