(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ចំនួន៧នាក់ និងរបួសស្រាល២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្ដតូច៦គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល០២ថ្ងៃ ខែមេសា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​៨នាក់ រងរបួសចំនួន១១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាលចំនួន២នាក់៕