(ភ្នំពេញ)៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ដែលរថភ្លើងមួយខ្សែបានបើកចូល ទៅកាន់ស្ថានីយទើបសាងសង់ថ្មី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីសាកល្បងមើលសិន មុនដំណើរការផ្លូវការ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ នេះបើតាមគណនី Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

Facebook របស់ក្រសួងសាធារណការ បានសរសេរថា ផ្លូវដែកដែលឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ មានប្រវែងប្រមាណ ១,៦០០ម៉ែត្រ តភ្ជាប់ពីផ្លូវដែកស្ថានីយអាយស្ម័យានភ្នំពេញដែលមានស្រាប់ មកកាន់ស្ថានីយ៍ថ្មីក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កាលពីពេលបើកការដ្ឋានសាងសង់ផ្លូវដែក ចូលព្រលានយន្តហោះទាំងយប់កន្លងទៅ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ នឹងដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន ៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការដំណើរតាមរថភ្លើងពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចំណាយពេលត្រឹមតែ ២០-២៥នាទី។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។

ជាមួយនឹងការដាក់ដំណើរការ រថភ្លើងដឹកអ្នកដំណើរ ទៅកាន់ព្រលានយន្តហោះអន្តរជាតិនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល៣ខែ ដោយឥតគិតថ្លៃ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ៕