(ក្រចេះ)៖ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd របស់ហុងកុង បានចំណាយទុនវិនិយោគ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោកដែល មានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ៥០០ពាន់តោន ដើម្បីផលិតម្សៅឲ្យបាន១៣០ពាន់តោនក្នុង១ឆ្នាំ និង២លានតោនក្នុងរយៈពេល៥ ឆ្នាំ។ នេះបើតាម Facebook របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

រោងចក្រកែច្នៃដំឡូងមីដ៏ធំមិនធ្លាប់មាននេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អមដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ។

ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader) ដែលបានចុះបញ្ជីជាសាធារណៈនៅក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង បានដាក់ទុនវិនិយោគប្រមាណ ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោក។

តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់កសិកម្មតំបន់ត្រូពិច (CIAT) បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឃើញយ៉ាងច្បាស់ ពីសក្តានុពលដ៏ធំធេងនេះ ក្រុមហ៊ុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងគោលបំណងបង្កើតរោងចក្រ ស្រូបយកផលិតផលកែច្នៃរួចដើម្បីនាំចេញ។

លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Green Leader បានឲ្យដឹងថា ក្នុងអំឡុងពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុននឹងសាងសង់រោងចក្រឲ្យបាន២០កន្លែង ក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមី ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមនេះ ទៅប្រទេសជិតខាង ហើយក្រុមហ៊ុននឹងដាំដុះលើផ្ទៃដី១ម៉ឺនហិកតាបន្ថែមទៀត សម្រាប់បំពេញតម្រូវការរោងចក្រ។ ក្រៅពីនេះ ក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា ជាមួយដៃគូផលិត ដោយផ្តល់ជាទុន ពូជ ជី និងបច្ចេកទេសដាំដុះ។ រោងចក្រនេះ នឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុត ដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ។

យោងលើអំណះអំណាងនេះ ប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកបានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា បញ្ហាផលិតផលដំឡូងមីគ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ នឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ។

បើតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ពាន់ហិកតា។ ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានទិន្នផលដំឡូងមីជាង ១៤.៨លានតោន៕