(តាកែវ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក បានថ្លែងបញ្ជាក់ប្រាប់បពណ្តាញព័តរ៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ករណីឃាតកម្មលើស្រ្តីស្រស់នៅក្រុងដូនកែវ ឈ្មោះ ចេវ សុវឌ្ឍនា អាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។

លោក ខៀវ សុភ័ក បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច និងចម្លើយសារភាព ករណីឃាតកម្មនៅតាកែវ ទំនងអាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ ប៉ុន្តែយ៉ាងណានោះសូមរង់ចាំលទ្ធផលពីស្ថាប័នតុលាការសិន»។

នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានទទួលសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ។

លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក នាល្ងាចថ្ងៃទី៣១ ខែមីនានេះ យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា»។

បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា គ្រាដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោកបានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។

របាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន​ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ​ គឺ​របាយការណ៍​បាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច៕