(កណ្ដាល)៖ ដើម្បីចូលរួមអបអរសាទរពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨​នេះ ប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ តំណាង​របស់​ស​ម្តេ​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​​ចុះ​សំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងន​គរបាលវរសេនា​តូច ការពារព្រំដែនលេខ​៦០៥ និងកងកម្លាំង​វរសេនាតូចយោធា​ការពារព្រំដែន លេខ​៦០១ ដែលកំពុងបំពេញ​បេសកកម្មតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ព្រុំ សុខា បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​ស​ម្តេ​ច​ក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់​សុខ​ទុក្ខ​របស់​កងកម្លាំង​នគរបាល និងយោធាដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ដល់វីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ច​របស់កងម្លាំង​ ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពី​សំណាក់​អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួម​កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាងជាមិត្តភូមិ​ផងរបងជាមួយ បាន​ល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះគឺជាចំណែក នៃសមិទ្ធផលដ៏ធំធេងសម្រេច​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ​ក្នុ​ង​ការដឹកនាំ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​ជឿន​លឿន​ជាលំដាប់។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ ពីកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាព រុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅ​អានាគត គឺសន្តិភាព និងស្ថិរភាព ហើយ​នោះ ក៏ជាបុព្វបទ​ដើម្បីធានាឲ្យប្រទេសកម្ពុជា​បន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅលើផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

នៅក្នុង​ឱកាសនោះដែរ ប្រតិភូបានផ្តល់ថវិកា ឧបត្ថម្ភជូនកងវរសេនាតូចទាំងពីរ នូវថវិកាចំនួន​៥.០០០.០០០រៀល ក្នុងមួយកងរវសេនាតូច និងជូនកម្លាំងនគរបាល និងយោធាក្នុងម្នាក់ៗ ថវិកាចំនួន​១០០.០០០រៀល ព្រមទាំងសម្ភារៈជូនអង្គភាពទាំងពីរ សរុបរួមមាន មី២០៥​កេស, ត្រីខ​១៧កេស, ទឹកបរិសុទ្ធ​១៧​កេស, សាច់គោ១៥០គីឡូ, សាច់ជ្រូក​១៥០, ត្រីរ៉ស់៣០០គីឡូ, បន្លែ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងស្រាបៀ​រ​មួយ​ចំនួន​ទៀត៕