(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News បានឲ្យដឹងថា មុខសញ្ញាលួចម៉ូតូដែលលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសឲ្យសមត្ថកិច្ចរកចាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលរបស់ខ្លួនចាប់បានហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រុងកំពត។

​លោកស្នងការបញ្ជាក់ថា ជនសង្ស័យនេះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត ចាប់ខ្លួនបានហើយ
​នៅព្រឹកមិញនេះ ហើយពេលនេះកំពុងតែធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

​សូមជម្រាបថា លោកឧកញ៉ា ម៉ុង ឬទ្ធី តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រកាសឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលត្រូវបានលោកឧកញ៉ាអាណិតអាសូរ ហើយបានយកឲ្យមកធ្វើការក្នុងកសិដ្ឋានរបស់លោក ​ផ្នែកកសិកម្ម នៅភ្នំសែនដី ខេត្តកំពង់ស្ពឺ ប៉ុន្ដែមិនបានប៉ុន្មានផងជនសង្ស័យបានលួចយកម៉ូតូអ្នកធ្វើការជាមួយគ្នាយកទៅបាត់។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថាយ៉ាងដូច្នេះថា «ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់ម៉ឺននាក់ ​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ ពេលនេះកំពុងតែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមកឲ្យចូលបម្រើការងារ​ ខាងផ្នែកកសិកម្ម ​នៅភ្នំសែនដី​ ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​​ប្រាក់150$ មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ ​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោ បាន​ខ្ចីម៉ូតូ​មាកលែត តម្លៃ1.450$ ​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រមោល​។ ដំណឹង​នេះ ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ ​នឹង​ជូន​រង្វាន់​1.000$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែ​រ»៕