(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរភាសា បាននិយាយថា អតីតគណបក្សប្រឆាំង គ្មានគោលនយោបាយអ្វីឱ្យច្បាស់លាស់ទេ ក្រៅតែពីយកវៀតណាម មកធ្វើជាប្រធានបទនយោបាយ ដើម្បីបោកយកលុយពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស។

លោកបាននិយាយរឿងនេះ ប្រាប់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ក្នុងពេលទទួលទានអាហារជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងពេលទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បកអាក្រាតថា ធ្លាប់ធ្វើជាចារកម្មឱ្យសម្តេចនោះបានសន្ទនាជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយបានបង្ហើបអំពីរឿងសម្ងាត់របស់ក្រុមអ្នកប្រឆាំងជូនដល់ លោក ម៉ៅ សុផាន់ និងបានស្នើសុំឱ្យឧត្តមសេនីយ៍យោធារូបនេះ ជួយការពារសុវត្ថិភាពពីការតាមសម្លាប់របស់អាមេរិក។

ក្នុងកិច្ចសន្ទនានេះលោក ជុន ច័ន្ទបុត្រ បានប្រាប់លោក ម៉ៅ សុផាន់ យ៉ាងដូច្នេះថា៖ «គណបក្សប្រឆាំងរាល់ថ្ងៃ អត់ដែលមានគោលការណ៍អីត្រឹមត្រូវទេ ក្រៅពីយួនៗ ហេតុអីបានគាត់ចោទថា យួនៗនៅពេលឃោសនា? ពីព្រោះគាត់រកលុយបាននៅក្រៅប្រទេស គាត់ពង្វក់អ្នកក្រៅប្រទេស អ្នកក្រៅប្រទេសមើលមករាល់ថ្ងៃហ្នឹងណា ស្រុកយើងហ្នឹងគឺបម្រើឲ្យយួនហើយ អញ្ចឹងសង្ឃឹមមានតែមួយគត់ គឺឲ្យលុយទៅគណបក្សប្រឆាំងដើម្បីឲ្យមករំដោះជាតិចេញពីយួន។ ដូច្នេះគាត់អត់មានធ្វើអីក្រៅ ពីហ្នឹងទេ ហើយអាហ្នឹងគ្រោះថ្នាក់ អាហ្នឹងហើយដែលនិក្ខេបបទរបស់ខ្ញុំនិយាយថា យើងនាំគ្នាធ្វើស្រុកខ្មែរឲ្យទៅជាយួនរួចបាត់ហើយ យើងនិយាយយើងប្រើពាក្យហ្នឹង ... និក្ខេបបទរបស់ខ្ញុំគ្រាន់តែចេញឲ្យគេឃើញ គេចោទ យួនបាត់ទៅហើយហ្នឹង»

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕