(ព្រះវិហារ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ, លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ និងលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើងនៅសមរភូមិខេត្តព្រះវិហារ នោះគឺវរសេនាតូចលេខ៣៩។

សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានធ្វើឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលដ៏ខ្លីខាងមុខ ក៏ដូចជាបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយចំពោះសមរភូមិខាងមុខ។ ដោយឡែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំគណៈប្រតិទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។

សម្រាប់អំណោយដែលចែកជូនរួមមាន៖ សម្រាប់ប្រធានវរទទួលបាន៣០ម៉ឺនរៀល, អនុប្រធានវរ៤នាក់ម្នាក់ៗ ចំនួន២០ម៉ឺនរៀល, ជំនួយការវរម្នាក់ចំនួន២០ម៉ឺនរៀល, ឧបត្ថម្ភប្រធាន.គ.៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន១៥០០០រៀល, ប្រធាន.ខ.៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន១២០០០រៀល ជាពិសេសឧបត្ថម្ភជូនគ្រួសារកងទ័ព ចំនួន១៥២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១B ២៥គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ី១យួរ ត្រីខកំប៉ុង១យួរ ប្រេងឆា២ដប ប៊ីចេង១គីឡូក្រាម សារុង១ ក្រមា១ និងថវិកា ចំនួន១០ម៉ឺនរៀលស្មើៗគ្នា រួមជាមួយស្រា២ដបធំ ផងដែរ សរុបជាទឹកប្រាក់ ចំនួន៤៤.៤៨៣.០០០រៀល ដែលមានសម្ព័នមេត្រីភាពជាមួយរដ្ឋបាលខណ្ឌទាំង៣ ស្ថិតក្នុងភូមិរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ដ ក្នុងការឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ នាសមរភូមិមុខ។

នៅចំពោះមុខកម្លាំងទាហានទាំងអស់អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងនូវស្ថានភាពនយោបាយមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា នោះគឺក្រុមក្បត់ជាតិបាននិងកំពុង រកកលល្បិចគ្រប់បែបយ៉ាង ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ជា ពិសី បានប្រាប់ទៅកងទ័ពថា នាពេលថ្មីៗនេះ មានការបែកធ្លាយឯកសារសម្ងាត់តាមរយៈវីដេអូឃ្លីបរបស់ទណ្ឌិត សម រង្ស៊ី លួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ដោយយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួន «គណបក្សសង្គ្រោះជាតិ» ឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទូទៅបញ្ចេញប្រតិកម្មខ្លាំងៗ និងចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី ដោយមិនអាចទទួលយកបាននោះទេ។

លោកបន្តថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋ មិនអាចនៅសុខបានឡើយ ដែលទណ្ឌិត សម រង្ស៊ី សន្យាកាត់ខេត្តចំនួន៤ (មណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង) ទៅឲ្យមេដឹកនាំវៀតណាមសេរី ទើបមានការប្រកាសថ្កោលទោសខ្លាំងៗបំផុត ចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នេះ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ជាមួយគ្នានោះទៀត លោកអភិបាលខណ្ឌ បានលើកឡើងនៅចំពោះកងទ័ពថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាជំហរដាច់ណាត់ថា គ្មានការចរចាណាមួយជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីឲ្យបន្តដង្ហើមអតីតបក្សប្រឆាំង និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំ «គណបក្សសង្គ្រោះជាតិ» ដែលតុលការកំពូលកាត់ក្ដីរំលាយចោលតាមផ្លូវច្បាប់នោះឡើយ ជាពិសេសស លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី សម្ដេចថា មិនអាចកើតមាន និងធ្វើទៅបានឡើយ ដោយសារតែទណ្ឌិត សម រង្ស៊ី តែងតែបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជា ការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធរករាជរដ្ឋាភិបាលជាដើម៕