(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ១២កើត ខែចេត្រ ឆ្នាំរការ សព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជា៖ សមិទ្ធកម្ម និងទស្សនវិស័យ»។

វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនជាច្រើននាក់។

លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈនេះ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មានដល់តួអង្គពាក់ព័ន្ធទាំងអស់បានជ្រាប និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសជាតិ ពិសេសការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងសមិទ្ធកម្មខាងផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាសម្រេចបាននៅក្នុងរយៈកាលកន្លងមក ក៏ដូចជា ទស្សនវិស័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិទៅថ្ងៃមុខ ក្នុងនីតិកាលបន្ទាប់ទៀត ដើម្បីធានាបាននូវភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ទាំងក្របខ័ណ្ឌតំបន់ និងពិភពលោក ក៏ដូចជា ការពង្រឹងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ហើយទ្រទ្រង់កំណើននេះឱ្យកាន់តែរឹងម៉ាំ រួចធ្វើការបែកចែកផ្លែផ្កានៃកំណើននេះមកវិញ ឱ្យកាន់តែប្រសើរឡើង, កាន់តែមានសមធម៌ និងកាន់តែមានប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីធ្វើពួកគាត់កាន់តែមានជីវភាពធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងគោលដៅឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «ជារួម កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងមាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ តាមការប៉ាន់ស្មានចុងក្រោយនេះ គឺកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៧ អាចនឹងសម្រេចបានប្រមាណ៧% ធៀបនឹងការព្យាករណ៍ប្រមាណ៦,៩% ដោយសារកំណើនលើសពីការប៉ាន់ប្រមាណនៃវិស័យសំណង់ និងទេសចរណ៍។ កំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ នឹងអាចសម្រេចនៅក្នុងរង្វង់៧% ហើយនឹងអាចឡើងដល់៧,១% នៅឆ្នាំ២០១៩»។

លោកបានគូសបញ្ជាក់ថា ការសម្រេចបាននូវកំណើនដ៏រឹងមាំនេះ ដោយសារកត្តា៖

*ទី១៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពប្រសើឡើងវិញតាមវដ្តនៃសេដ្ឋកិច្ច (Global Cyclical Recovery) ក្នុងខណៈដែលអាស៊ីនៅតែជាមជ្ឈមណ្ឌលដឹកមុខកំណើនសេដ្ឋកិច្ច ពិភពលោកដដែល។ ប្រការនេះបានធ្វើឱ្យកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងអាស៊ី និងមានសេដ្ឋកិច្ចបើកចំហរខ្លាំង ទទួលបាននូវភាពអំណោយផលច្រើន ក្នុងការជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែក្លាំងក្លា
*ទី២៖ ការដាក់ចេញនិងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ យ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឱ្យមូលដ្ឋាន នៃសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំស្រាប់ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត
*ទី៣៖ កត្តាស្ថេរភាពនយោបាយនៅក្នុងប្រទេស នៅពេលជិតបោះឆ្នោត មិនត្រឹមតែបានជួយបង្កើននូវជំនឿទុកចិត្តមកលើស្ថានភាពនយោបាយនៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញ សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភទេឱ្យកាន់តែមានសន្ទះខ្លាំងក្លាថែមទៀត។ គួរបញ្ជាក់ដែរថា ក្នុងពេលកន្លងមក សកម្មភាពនិងកំណើនសេដ្ឋកិច្ចតែងតែ មានសភាពទ្រឹងខ្លះនៅរៀងរាល់ ជិតការបោះឆ្នោតចូលមកដល់ តែផ្ទុយទៅវិញសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទនៅក្នុងឆ្នាំ២០១៨នេះ នៅតែមានដំណើរការជាធម្មតា និងកាន់តែមានភាពរឹងមាំ ពោលគឺមិនមានផលប៉ះពាល់អ្វីជាដុំកំភួនទេ ទោះបីនៅសល់ប្រមាណតែ៤ខែទៀតប៉ុណ្ណោះ នឹងត្រូវដល់ការបោះឆ្នោតក្តី។

ជាក់ស្តែង នៅក្នុងប្រមាណខែចុងក្រោយនេះ ការនាំចេញនាំចូលទំនិញគ្រប់ប្រភេទនៅតែមានការកើនឡើងខ្លាំង និងមានទំហំធំជាងទំហំនៃ ផសស ជាលំដាប់, សកម្មភាពលក់ដូរ ទាំងលក់ដុំ និងលក់រាយនៅតែមានដំណើរការល្អប្រសើរ, វិស័យទេសចរណ៍ក៏នៅមានសន្ទះល្អ ហើយការផ្ដល់ឥណទានដោយធនាគារដល់វិស័យឯកជនក៏កាន់តែរឹងមាំដដែល។ ដោយឡែក វិស័យដីធ្លីនិងអចលនទ្រព្យដែលជាសូចនាករដឹកមុខ ក្នុងការឆ្លុះបញ្ចាំងអំពីភាពជឿជាក់នៃសេដ្ឋកិច្ច ក៏កាន់តែមានសកម្មភាពទិញលក់ផុលផុសគក្រឹកគក្រេង ហើយតម្លៃវិញក៏កាន់តែឡើងជាលំដាប់។

ទន្ទឹមនឹងនេះ អតិផរណានៅតែស្ថិតក្នុងកម្រិតទាប ក្នុងខណៈដែលអត្រាប្តូរប្រាក់នៅបន្តមានស្ថេរភាពយ៉ាងល្អ។ លើសពីនេះទៀត លំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស ដែលបានកត់ត្រា នៅក្នុងជញ្ជីងទូទាត់ ក៏មានសន្ទះកំណើនល្អ ក្នុងរង្វង់ពី១៦% ទៅ ១៧% ក្នុងមួយឆ្នាំផងដែរ ពោលគឺក្នុងរង្វង់២៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងអាចឡើងដល់ប្រមាណ ៣០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ដោយឡែក ទំហំទឹកប្រាក់នៃការផ្ញើលុយរបស់ពលករពីក្រៅប្រទេស ក៏កាន់តែមានទំហំធំ ពោលគឺក្នុងរង្វង់៥៦០លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ និងប្រមាណជាង ៦០០ លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។ ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមាន ក្នុងខណៈដែលទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូលរហូតទៅដល់ ៦ ខែកន្លះឯណោះ ធៀបនឹងរយៈកាលកន្លងទៅ ដែលទុនបម្រុងអន្តរជាតិរបស់យើង អាចទ្រទ្រង់ការនាំចូលបានត្រឹមតែប្រមាណចជាង ៣ខែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ក៏មានភាពល្អប្រសើរផងដែរ។

ជាក់ស្តែង ចំណូលថវិកាជាតិក៏នៅតែរឹងមាំ ពោលគឺយើងនឹងអាចសម្រេចបាននូវការគៀរគរចំណូលទៅតាមគោលដៅដែលបានដាក់ចេញ បើផ្អែកទៅលើស្ថានភាព នៃចំណូលនៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។ ដោយឡែក ក្នុងផ្នែកចំណាយវិញ យើងក៏មានការគិតគូរយ៉ាងខ្លាំងទៅដល់ការគ្រប់គ្រងប្រសិទ្ធភាពនៃចំណាយ ទាំងការបែងចែក និងទាំងប្រតិបត្តិការចំណាយជាក់ស្តែង។ ប្រការនេះ បានជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានរឹងមាំ និងមាំមួន ទោះបើត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួនក្តី។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ប្រុស ស្រី ក្មេង ចាស់ បានទទួលនូវផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចជាងពីរទសវត្សមកនេះគ្រប់ៗគ្នា តាមរយៈឱកាសទទួលបាននូវប្រាក់ចំណូល, ការងារធ្វើ, ការកាត់បន្ថយភាពក្រីក្រ និងសេវាសាធារណៈគ្រប់ប្រភេទពីរដ្ឋ រួមទាំងសេវាខាងផ្នែកសង្គមផ្សេងៗ ព្រមទាំងកាន់តែធ្វើឱ្យវិសមភាពនៅក្នុងសង្គមកាន់តែរួមតូចផងដែរ។

ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ មូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាសព្វថ្ងៃនេះ នឹងមិនអាចទ្រទ្រង់នូវការសម្រេចបានកំណើនក្នុងរង្វង់ ៧% នៅក្នុងរយៈពេលពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ខាងមុខទៀតបាននោះទេ ប្រើសិនយើងមិនមានការគិតគូរអំពីការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកសាងមូលដ្ឋានមួយ ដែលទ្រទ្រង់ដល់ការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជាត្រូវ៖

*ទី១៖ ការបង្កើតនូវកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចថ្មីៗឲ្យបានច្រើន តាមរយៈការធ្វើទំនើបកម្មនៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចសព្វថ្ងៃនេះ ឲ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ និងឲ្យកាន់តែមានពិពិធកម្ម។ នៅក្នុងក្របខ័ណ្ឌនេះ យើងត្រូវគិតគូររៀបចំផែនការរយៈវែងក្នុងការអភិវឌ្ឍវិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យកសិកម្ម ក្រៅពីនេះ យើងត្រូវពង្រីក និងបង្កើតនូវកម្លាំងចលករថ្មីៗទៀត ដែលដឹកមុខដោយវិស័យឯកជន ជាពិសេសផ្តោតលើអេសអ៊ឹមអី។ នៅក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលនឹងបង្កើតធនាគារអេសអ៊ឹមអី, ការជំរុញអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ និងការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រិនវ័យក្មេងដែលមានសក្តានុពល នៅពេលចាប់ផ្តើមដំណើរការអាជីវកម្ម។ ទន្ទឹមនឹងនេះ រដ្ឋត្រូវចេញមុខធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព នៅពេលដែលមុខងាររបស់ទីផ្សារលែងដំណើរការ (Market Failure) នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងនៅក្នុងវិស័យសេដ្ឋកិច្ចពិត និងទាំងនៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានចលនការ, រឹងមាំ និងរស់រវើក ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចកាន់តែមានភាពទំនើបកម្ម។

*ទី២៖ ការបង្កើតនូវប្រភពទ្រទ្រង់កំណើន (Factor of Growth) ថ្មីៗ ព្រោះកម្ពុជាមិនអាចពឹងផ្អែកជាចម្បងតែទៅលើប្រភពនៃកត្តាពលកម្ម (Labor Participation) តទៅទៀតទេ ពោលគឺត្រូវដោះស្រាយបញ្ហាកត្តាផលិតភាពការងារ (Labor Productivity) និងកត្តាការវិនិយោគទុន (Capital Accumulation) ដែលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ។

*ទី៣៖ ការយកចិត្តទុកដាក់លើការបែងចែកធនធាននៅក្នុងសេដ្ឋកិច្ច ទាំងធនធានសាធារណៈ ទាំងធនធានឯកជន ដោយរួមបញ្ចូលទាំងធនធានហិរញ្ញវត្ថុ, ធនធានមនុស្ស និងធនធានធម្មជាតិ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃបែងចែក និងការប្រើប្រាស់ធនធានទាំងបីនេះ ដើម្បីទ្រទ្រង់កំណើនផង និងធានានូវសមធម៌សង្គមឱ្យកាន់តែប្រសើរឡើងផង។

*ទី៤៖ ការបន្តការយកចិត្តទុកដាក់លើការវិនិយោគលើការតភ្ជាប់ ដោយគ្រប់ដណ្តប់ការតភ្ជាប់នៃវិស័យគន្លឹះចំនួន ០៣ គឺវិស័យគមនាគមន៍ដឹកជញ្ជូន, ថាមពល និង ឌីជីថល ក្នុងគោលដៅធ្វើឱ្យការតភ្ជាប់នៅក្នុងប្រទេសរបស់យើង គឺកាន់តែល្អ និងមានគុណភាពកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីអនុវត្តនូវសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

*ទី៥៖ ការបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលជាកិច្ចការរយៈពេលវែង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការបណ្តុះបណ្តាលជំនាញ។

*ទី៦៖ ការបន្តកែលំអរក្របខ័ណ្ឌយុត្តិកម្ម (Regulatory Environment) ទាក់ទងទៅនឹងច្បាប់ និងនីតិវិធីផ្សេងៗ ពិសេសផ្នែកពន្ធដារ និងកិច្ចសម្រួលពាណិជ្ជកម្ម។ នៅក្នុងក្របខ័ណ្ឌនេះ យើងនឹងធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ នៅក្នុងក្របខ័ណ្ឌការរៀបចំយុទ្ធសាស្រ្តគៀរគរចំណូលថ្មី (២០១៩-២០២៣)។ ក្នុងគោលដៅម្ខាងរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារផង និងម្ខាងទៀតធានាបាននូវស្ថេរភាពនៃការប្រមូលចំណូលសាធារណៈ សម្រាប់ទ្រទ្រង់ថវិកាជាតិ និងដើម្បីធានាឱ្យមានយុត្តិធម៌ក្នុងការបង់ពន្ធ, យុត្តិធម៌សង្គម និងសមធម៌សង្គមផងដែរ។

*ទី៧៖ ការកសាងស្ថាប័នឱ្យមានលក្ខណៈរឹងម៉ាំ តាមរយៈការកែទម្រង់ស៊ីជម្រៅ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ទន្ទឹមគ្នានឹងការកែទម្រង់ប្រព័ន្ធនៃការគ្រប់ហិរញ្ញវត្ថុសាធារណៈ តាមរយៈការអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលត្រូវបានរៀបចំរួចហើយ។

*ទី៨៖ ការបន្តស្វែងរកនូវប្រភពទុនថ្មីៗ តាមរយៈការកែទម្រង់វិស័យហិរញ្ញវត្ថុទាំងមូល ទាំងវិស័យធនាគារ និងទាំងវិស័យមិនមែនធនាគារ ដូចជា៖ ទីផ្សារទុន មូលប័ត្រ ទីផ្សារបំណុល ទីផ្សារភាគហ៊ុន និងវិស័យផ្សេងៗទៀត។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ក្រៅពីការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានខិតខំសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ជូនដល់ប្រទេសជាតិ និងប្រជាជន។ ដោយក្នុងនោះ រាជរដ្ឋាភិបាលក៏បានគិតគូរ និងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើនស្ទើរគ្រប់វិស័យ សម្រាប់ជាចក្ខុវិស័យ និងតម្រង់ទិសការអភិវឌ្ឍប្រទេសទៅថ្ងៃមុខ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាជាបន្តទៀត។

នៅក្នុងអង្គវេទិកាសាធារណៈនេះ ក៏មានការរៀបចំឱ្យមានវគ្គពិភាក្សា និងសំណួរចម្លើយយ៉ាងផុលផុស ប្រកបដោយគុណភាព និងមានលក្ខណៈស៊ីជម្រៅ៕