(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ បកអាក្រាតអំពើឆបោកសិល្ប​ករទៅសម្ដែងនៅប្រទេសអូស្ដ្រាលី ដែលចូលរួមជាមួយក្រុមប្រឆាំង និងសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដោយមានសកម្មភាពជាប្រព័ន្ធជាមួយ លោក ហុង លឹម ប្រធានសហព័ន្ធខ្មែរអូស្រ្ដាលីសាជីវកម្ម, លោក ជា យូហន ប្រធានសមាគខ្មែររដ្ឋវិចតូរីយ៉ា និងកញ្ញា ដារា នីតា តាមរយៈ អង្គការ IKARE ដើម្បីកុំឲ្យសិល្បករកម្ពុជាបន្ដចាញ់បោក។

បើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បញ្ជាក់ថា កញ្ញា តារា នីតា បានធ្វើការបញ្ចុះបញ្ជូលសិល្បករ សិល្បការិនីជាច្រើនរូបមកហើយ ឲ្យទៅច្រៀង និងសម្ដែងទៅប្រទេសអូស្ដ្រាលីដែលជ្រកក្រោមស្លាកការប្រគុំតន្ដ្រីមនុស្សធម៌ ដោយមិនបានប្រាប់ការពិត ដល់ពួកគាត់ត្រង់នោះទេ ក្រុមល្មើសច្បាប់ទាំងនេះដែលប្រមូលផ្ដុំតាមរយៈ អង្គការ IKARE បានធ្វើការគាំទ្រនូវសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

សេចក្ដីថ្លែងការណ៍បន្ថែមថា ក្រុមបាតុករទាំងអស់បានរៀបចំកម្មវិធីជប់លៀងដោយបានអញ្ជើញតារាប្រុសស្រីពីប្រទេសកម្ពុជា ឲ្យចូលរួមនឹងបានធ្វើការបញ្ជ្រាប នូវសារនយោបាយ និងយកសិល្បករ សិល្បការិនី ដើម្បីអូសទាញប្រជាប្រិយភាព ប្រសិនបើបងប្អូនមិត្តសិល្បករ សិល្បការិនីទាំងអស់ចូលរួម ឬគាំទ្រសកម្មភាពនោះ មានន័យថា បងប្អូនបានចូលរួមសកម្មភាពក្បត់ជាតិនឹងចលនាក្រុមប្រឆាំង។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងសិក្សានីតិវិធីច្បាប់លើ កញ្ញា តារា នីតា ក្នុងករណីខាងលើនេះ និងសូមអំពាវនាវដល់សមាជិកទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការអញ្ជើញទៅច្រៀង និងសម្ដែងទៅក្រៅប្រទេសដែលជ្រកក្រោមស្លាកតន្ដ្រីមនុស្សធម៌៕​