​(កណ្តាល​)៖ ប្រជាពលរដ្ឋរស់នៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ប្រមាណជិត១០០គ្រួសារបានទទួលទឹកធ្វើស្រែប្រាំងលើកទី២បន្តទៀតពីក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍ដោយគ្មានគិតកម្រៃនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។

​ ជាមួយនឹងការទទួលបានទឹកប្រើប្រាស់សម្រាប់ស្រោចស្រពលើដីស្រែបង្កបង្កើនផលនោះ លោកនួន​ ប៊ុនហៀង​ អាយុ៤៦ឆ្នាំ​ ជាប្រជាកសិករនៅភូមិដងគោម​ តំណាងប្រជាពលរដ្ឋក្នុងតំបន់តាត្រៃ​ បានបញ្ជាក់ថា​ ពួកគាត់ទាំងអស់គ្នាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ហើយពិសេសបំផុតសូមថ្លែងនូវអំណរអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុញ្ញាតអោយក្រុមហ៊ុន អេង ឌីប៉ូមកអភិវឌ្ឍន៍វិស័យកសិកម្មដំណាំស្រូវក្រអូបធម្មជាតិនៅឃុំកំពង់អុសនេះ។

លោកបន្តថា មូលហេតុដែលពួកគាត់ដឹងគុណនិងអរគុណសម្តេចតេជោហ៊ុន សែន មកពីក្រុមហ៊ុន អេង​ ឌីប៉ូអភិវឌ្ឍន៍តែងតែបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅក្បែរគម្រោងដូចជាការផ្ដល់ទឹក ផ្ដល់ពូជស្រូវ ផ្តល់ជី ផ្ដល់ដីអោយធ្វើស្រែដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំតាំងពីក្រុមហ៊ុនចាប់ដំណើរការជាង១០ឆ្នាំមកហើយនោះ។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះពួកគាត់ទាំងអស់គ្នាបានទទួលការផ្ដល់ទឹកពីក្រុមហ៊ុនដោយមិនគិតថ្លៃអ្វីឡើយ។ ជាការពិតដីស្រែជាង១៥០ហិចតារបស់ពួកគាត់ដើមឡើយគ្មានទឹកសម្រាប់ប្រើប្រាស់ទេដោយមិនអាចធ្វើស្រែប្រាំងបាន២ដងឡើយ។ ប៉ុន្តែជាង១០ឆ្នាំមកនេះចាប់តាំងពីក្រុមហ៊ុនអេងឌីប៉ូ មកអភិវឌ្ឍន៍តំបន់នេះមក ធ្វើអោយពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តការដាំដុះដំណាំស្រូវរដូវប្រាំងលើកទី២ក្នុងតំបន់តាត្រៃនិងតំបន់ត្រពាំងឈូក (ក្រៅទំនប់ជ្រុងខាងជើង)​ សម្រាប់ធ្វើការស្រោចស្រពដំណាំស្រូវបាន២ដងរហូតទទួលទិន្នផលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព។ ហេតុនេះហើយទើបពួកគាត់មកស្នើសុំទឹកពីក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ជួយផ្តល់ទឹកបូមបញ្ចូលស្រែតាមសំណើ ដោយមិនគិតថ្លៃអ្វីឡើយរហូតប្រមូលផល។

​ យោងតាមសំណើខាងលើ​ លោកគឹម​ ហេង​ តំណាងក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍បានសម្រេចផ្តល់ទឹកជូនប្រជាពលរដ្ឋភ្លាមៗ​ ដោយបានចាត់ក្រុមការងារបើកទឹកបង្ហូរចូលប្រឡាយមេ​ ហើយមានការចូលរួមអបអរសាទរនិងសប្បាយរីករាយពីប្រជាពលរដ្ឋ។

​កសិករឈ្មោះអ៊ុង​ ធឿន​ ភេទស្រីអាយុ៥៦ឆ្នាំបានឱ្យដឹងថា​ ដីស្រែគាត់បានលក់ជូនលោកឧកញ៉ាឌី​ ប៉ូ​ រួចហើយ​ តែលោកឧកញ៉ាបានប្រគល់ដីនេះឱ្យគាត់ធ្វើស្រែបណ្តោះអាសន្នរយៈពេល៣ឆ្នាំមកហើ​យ​ ថែមទាំងបានផ្តល់ជីផ្ដល់ពូជស្រូវទឹកធ្វើស្រែប្រាំងបាន២ដង
ក្នុងមួយឆ្នាំ​ៗដែលបានជួយសម្រាលដល់បន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ​ របស់ពួកគាត់បានមួយកម្រិតធំ។

កសិករឈ្មោះ នួន​ ប៊ុនហៀង​ បានបញ្ជាក់ថា​ជាការពិតចាប់តាំងពី សម្តេចតេជោហ៊ុន​ សែន​ បានអនុញាតឱ្យក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍​ មកវិនិយោគលើវិស័យកសិកម្មដំណាំស្រូវក្រអូបនៅតំបន់នេះ​ បានធ្វើឱ្យមានការអភិវឌ្ឍន៍និងមានជីវភាពធូរធាជាលំដាប់ហើយជារៀងរាល់ឆ្នាំប្រជាពលរដ្ឋតែងតែស្នើសុំទឹកធ្វើស្រូវប្រាំងពីលោកឧកញ៉ាឌី​ ប៉ូ​ ហើយលោកក៍បានផ្តល់ជូនតាមសំណើដោយមិនគិតកម្រៃ​ គិតថ្លៃប្រេងអ្វីឡើយ​ ។

​ លោក នួន​ ប៊ុនហៀង​ បានបន្តថា​ «ដោយសារតែគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​នេះហើយ ពួកគាត់ទាំងអស់គ្នាសូមគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីអោយសម្តេចតេជោ​ បានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអណត្តិបន្តបន្ទាប់ទៀត»។

​ កសិករឈ្មោះ នៅ​ សុផាត​ ភេទប្រុសអាយុ៥១ឆ្នាំមានដី២ហិកតាក្បែរគម្រោងអភិវឌ្ឍន៍​ ក៏មិនខុសនឹងលោកនួន​ ប៊ុនហៀងដែរបានថ្លែងអំណរគុណដល់លោកឧកញ៉ាឌី​ ប៉ូ​ ដែលបានផ្តល់ទឹកដល់ពួកគាត់សម្រាប់ធ្វើស្រូវប្រាំងដំណាក់កាលទី២និងសូមអរគុណដល់ដល់សម្តេចតេជោហ៊ុន​ សែន​ ដែលបានអនុញាតឱ្យក្រុមហ៊ុនវិនិយោគនៅទីនេះ​ ជំរុញឱ្យមានការរីកចម្រើនជាលំដាប់។

​កសិករឈ្មោះ យឹម​ យន​ ភេទប្រុសអាយុ៣៦ឆ្នាំ​ បានបញ្ជាក់ថា​ តាំងពីក្រុមហ៊ុនក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅតំបន់នេះ​ លោកឧកញ៉ាឌី​ ប៉ូ​ បានធ្វើប្រព័ន្ធធារាសាស្ត្រ​ ផ្លូវខ្វាត់ខ្វែង​ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ​ ដឹកជញ្ជូនកសិផលដោយងាយស្រួល។ ពួកគាត់សូមបដិសេធទាំងស្រុងមិនដូចពាក្យរចចាមអារាមខ្លះថា​ ក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍បានរារាំងកសិករមិនឱ្យចេញចូលឆ្លងកាត់ក្នុងតំបន់អភិវឌ្ឍនោះឡើយ៕