(សៀមរាប)៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ ក្នុងរមណីយដ្ឋានអង្គរឲ្យសាកសមនឹងតម្លៃរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

គណៈកម្មការនេះ បង្កើតឡើងតាមសេចក្តីសម្រេចលេខ ១១សសរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ តាមសេចក្តីសម្រេចនេះ គណៈកម្មការចម្រុះមានសភាពពីអាជ្ញាធរជាតិអប្សរាជាប្រធាន សមាសភាពពីរដ្ឋបាលខេត្តសៀមរាបជាអនុប្រធាន និងមានអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរជាសមាជិក។

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមប្រធាននៃគណៈកម្មការនេះ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងជាមួយសមាជិកសមាជិកា ដើម្បីផ្លាស់ប្តូរយោបល់គ្នា ស្តីពីការអនុវត្តសេចក្តីសម្រេចខាងលើ ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។

លោក សុខ សង្វារ បានរៀបរាប់ពីដើមហេតុដែលជំរុញឲ្យមានការបង្កើតគណៈកម្មការនេះឡើង។ លោកបញ្ជាក់ថា បេសកកម្មដ៏សំខាន់បំផុតនៃគណៈកម្មការនេះ គឺធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកកាន់អង្គរកាន់តែច្រើន ជាពិសេសនោះរក្សានូវភាពថ្លៃថ្នូររបស់រមណីយដ្ឋានអង្គរ។

លោកបន្ថែមថា «អាជ្ញាធរជាតិអប្សរា មិនហាមឃាត់ទេការលក់ដូរក្នុងរមណីយដ្ឋានអង្គរ យើងមានតែជំរុញឲ្យអ្នកស្រុកអង្គរមានឱកាសបានលក់ដូរ ដើម្បីបង្កើនកម្រិតជីវភាពរបស់ពួកគាត់។ តែយើងក៏ត្រូវគិតគូរពីភាពថ្លៃថ្នូរបស់អង្គរ តាមរយៈការរៀបចំពួកគាត់ឲ្យលក់ដូរតាមទីតាំងសមរម្យ មានសណ្តាប់ធ្នាប់ មានសុចរិតភាពក្នុងអាជីវកម្មរបស់គាត់ ជាមួយភ្ញៀវដែលមកទស្សនាអង្គរ»។

លោក សុខ ថុល នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងនាមអនុប្រធាននៃគណៈកម្មការនេះ បានលើកឡើងថា សាលាខេត្តសៀមរាប រួមទាំងអាជ្ញាធរដែនដីគាំទ្រទាំងស្រុង នូវការបង្កើតគណៈកម្មការនេះឡើង។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរជាតិអប្សរាដែរ គឺផ្តោតលើសណ្តាប់ធ្នាប់របៀបរៀបរយ ធ្វើយ៉ាងណាឲ្យខេត្តសៀមរាបក៏ដូចជាតំបន់អង្គរសាកសមជាតំបន់បេតិកភណ្ឌ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ៕