(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយស ជូនក្រុមជំនាញការជប៉ុនប្រចាំក្រសួង គឺ លោក Taizo CHIBA, លោក Hidetoshi KUME និងលោក Koichi OGAWA។

ឆ្លៀតក្នុងឱកាសនោះដែរ ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្រោមការជួយជ្រោមជ្រែងពី ក្រុមជំនាញការជប៉ុន ក្នុងនោះរួមមាន៖ ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់កម្ពុជា​, កិច្ចសហប្រតិត្តិការបច្ចេកទេស លើការថែទាំជួសជុលផ្លូវថ្នល់, កិច្ចសហប្រតិបត្តិការ បច្ចេកទេស ស្តីពីការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ, គម្រោងកំពង់ផែប្រើប្រាស់ប្រព័ន្ធEDI ការជួសជុលថែទាំស្ពាន គម្រោងផ្លូវ ល្បឿនលឿន និងគម្រោងមេភស្តុភារកម្ម។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជួយដល់ក្រសួង ជាពិសេសអង្គការ JICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន៕