(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ចេញប្រតិកម្មមួយទៅនឹងការថតផ្សាយ នារីម្នាក់ដែលស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា គឺជាទង្វើមិនបានគិតដល់សីលធម៌ សុជីវធម៌ និងការអប់រំរបស់អ្នកសារព័ត៌មាន។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ កែងនឹងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួនដែលប្រមាញព័ត៌មានសន្តិសុខនាពេលរាត្រី ដូចក្រុមទីទុយនោះ បាននាំគ្នាថតរូបភាពនារីម្នាក់ ដែលស្រវឹងជោគ និងឈប់ចតដេកក្នុងរថយន្តនៅតាមចិញ្ចើមផ្លូវ។ សកម្មភាពរបស់អ្នកថតបែបនេះ បានកើតជាអំពើហិង្សាមួយ នៅពេលដែលនារីខាងលើ ទាមទារឱ្យអ្នកសារព័ត៌មានលុបរូបនោះចេញ ប៉ុន្តែពួកគេមិនព្រម។

នៅក្នុងសារដ៏ខ្លីលើបណ្តាញសង្គម Facebook លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការអាណិតចំពោះនារីរូបស្រស់ ដែលដេកក្នុងរថយន្តលើចិញ្ចើមផ្លូវ ដោយសារតែស្រវឹងមិនអាចធ្វើដំណើរបន្តទៅមុខបាន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ដែលជាអតីតអ្នកសារព័ត៌មានចំណាស់ជាងគេនៅកម្ពុជា បានបន្ទោសក្រុមអ្នកសារព័ត៌មានថា ធ្វើសកម្មភាពខ្វះសីលធម៌ ដោយមិនទាន់គិតដល់វិជ្ជាជីវៈផង។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍តាមបណ្តាញសង្គម យ៉ាងដូច្នេះថា៖ «អ្នក​ដឹង​ខ្លួន​ស្រវឹង​ឈប់​ដេក​ក្នុង​ឡាន ​គឺ​គួរ​អាណិត​និង​សរសើរ​ព្រោះ​យល់​ពី​កំរិត​សមត្ថភាព​ខ្លួន​ តែ​បើ​យើង​នាំ​គ្នា​ទៅ​ថត​ចុះ​ផ្សាយ​តើ​ដើម្បី​ជំរុញ​ឱ្យ​គាត់​បើក​បុក​គេ​ឯង ដើម្បី​ខ្លួន​ឯង​មាន​អត្ថបទ​ផ្សាយ​ ឬ​យ៉ាង​ណា​? បើមិន​និយាយ​ដល់​វិជ្ជាជីវៈ​ទេ​ យ៉ាង​ហោចណាស់​យើង​គិត​ពី​កំរិត​សីលធម៌​ សុជីវធម៌​ និង​ការ​អប់រំ​ទៅ​ចុះ​»

តាមច្បាប់ចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា​ គឺជនដែលស្រវឹងលើសកម្រិត មិនអនុញ្ញាតឱ្យបើកបរបានទេ។ មាត្រា៧៧ ច្បាប់នេះបានចែងថា៖ «ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៨ ក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ ឬ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅមួយលាន (១.០០០.០០០) រៀល។

ដោយឡែក មាត្រា៨២វិញ ក៏បានចែងដែរថា ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ ឬ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០) រៀល៕