(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុម សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងឱកាសចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅសហព័ន្ធរុស្ស៊ី គ.ជ.ប កម្ពុជា បានស្នើសុំជំនួយពីភាគីរុស្ស៊ីផងដែរ ប៉ន្តែរុស្ស៊ីបានស្នើមក គ.ជ.ប វិញឲ្យពិនិត្យមើលតម្រូវការជាក់ស្ដែងជាមុនសិន ចាំលើកឡើងប្រាប់រុស្ស៊ីនៅពេលក្រោយ ដើម្បីពិចារណាក្នុងការផ្ដល់ជំនួយនេះ។

ការថ្លែងបែបនេះរបស់លោក ឌឹម សុវណ្ណារុម ត្រូវបានធ្វើឡើងនារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ពោលបន្ទាប់ពីលោក រួមជាមួយគណៈប្រតិភូ គ.ជ.ប ទើបអញ្ជើញដល់មាតុភូមិកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

លោក ឌឹម សុវណ្ណារុម បានឲ្យដឹងថា រឿងស្នើសុំជំនួយពីរុស្ស៊ី លោកក៏បានលើកឡើងដែរ តែដោយសារទើបតែចុះហត្ថលេខាលើពិធីសារ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្ស៊ី ទើបខាងភាគីរុស្ស៊ីបានស្នើមក គ.ជ.ប អំពីតម្រូវការថវិកា សម្ភារៈ ឬបច្ចេកទេស សម្រាប់ដំណើរការការងារទៅមុខទៀតយ៉ាងណា ដើម្បីលើកឡើងប្រាប់ភាគីរុស្ស៊ីវិញ នោះគេនឹងពិចារណាថានឹងជួយយ៉ាងណាមក គ.ជ.ប វិញ។

លោកថ្លែងយ៉ាងដូច្នេះថា «ដោយសារយើងទើបតែចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរៀបចំការបោះឆ្នោតទាំងពីរ (កម្ពុជា-រុស្ស៊ី) អញ្ចឹងជាបន្តបន្ទាប់ទៀត លោកស្រីប្រធាន (ប្រធាន គ.ជ.ប រុស្ស៊ី) បានស្នើឲ្យខ្ញុំ ជាមួយឯកឧត្តម សំ សូលីដា ពិនិត្យថាតើយើងនឹងអាចបោះជំហានភ្លាមយ៉ាងដូចម្ដេច ហើយយើងនឹងលើកសំណើនេះ ទៅកាន់ឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក ដើម្បីពិចារណាថា តើខាង គ.ជ.ប រុស្ស៊ី អាចជួយ គ.ជ.ប កម្ពុជា ក្នុងពេលឆាប់ៗយ៉ាងណា»

លោកបានមើលឃើញពីប្រព័ន្ធព័ត៌មានវិទ្យាដ៏ទំនើប ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហព័ន្ធរុស្ស៊ី ហើយ គ.ជ.ប កម្ពុជា ក៏មានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាដ៏ទំនើបនោះផងដែរ ប៉ុន្តែបើទោះបីជា គ.ជ.ប គ្មានលទ្ធភាពអនុវត្តដូចរុស្ស៊ីក៏ពិតមែន ក៏ គ.ជ.ប នៅតែខិតខំអនុវត្តតាមស្ថានភាព និងលទ្ធភាពជាក់ស្ដែង។

លោក ឌឹម សុវណ្ណារុម បានបន្តថា ខណៈលោកធ្វើបទបង្ហាញអំពីប្រវត្តិបង្កើត និងដំណើរវិវត្តរបស់ គ.ជ.ប កម្ពុជា ជម្រាបជូនដៃគូអន្តរជាតិនានា ជាក់ស្ដែងមានសហព័ន្ធរុស្ស៊ី និងសហគមន៍អឺរ៉ុប ពួកគេមានការកោតសរសើរចំពោះស្នាដៃរបស់ គ.ជ.ប យ៉ាងខ្លាំង ពិសេសជោគជ័យរបស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧ កន្លងទៅ៕