(ភ្នំពេញ)៖ ជនសង្ស័យជានិស្សិតសកលវិទ្យាល័យបៀលប្រាយ និងសិស្សវិទ្យាល័យភ្នំពេញថ្មីចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន២គ្រឿង ពីជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ក្នុងទឹកដីខណ្ឌទួលគោក រហូតបានសម្រេច និងព្យាយាមរត់គេចខ្លួននោះ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចភ្លើងស្តុបផ្សារដីហុយ លើកំណាត់ផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា ជនសង្ស័យជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ដែលឃាត់ខ្លួនបានឈ្មោះ ជា សុភិរក្ស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតជាសិស្សវិទ្យាល័យភ្នំពេញថ្មីឈ្មោះ ខៀវ សុខុមឡាវីត អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលំ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឯជនរងគ្រោះឈ្មោះ ណៅ រាត្រីនិមល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ១៤០ ក្រុម៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាយការិយាល័យបានបញ្ជាក់ទៀតថា ការដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យជាសិស្ស និងនិស្សិតខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេទាំង២នាក់ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ចំនួន២គ្រឿង) ពីជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ក្បែរចំណុចមុខដីឡូតិ៍លេខ១០១ ផ្លូវលេខ៥៩២ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នាវេលាម៉ោងប្រហែលជា១៩៖២០នាទីយប់ថ្ងៃទី២០ ខែមីនា រហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួនមកដល់ត្រង់ចំណុចភ្លើងស្តុបផ្សារដីហុយ លើកំណាត់ផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាន និងដកហូតបានវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GG-៧៨៧២ រួមជាមួយទូរសព្ទ័ដៃ១គ្រឿង តែប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យជាសិស្ស និងនិស្សិតទាំង២នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក្នុងការកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕