(ភ្នំពេញ)៖ កម្ពុជា បានស្វាគមន៍ចំពោះការវិនិយោគិនចិន បានបណ្តាក់ទុនប្រមាណ២០លានដុល្លារអាមេរិក ដើម្បីដាំឈើធ្នង់ ដែលជាប្រភេទឈើមានតម្លៃខ្ពស់ ចំនួន៥០០ហិកតា នៅខេត្តពោធិសាត់។ សម្រាប់ដំណាក់កាលដំបូង ក្រុមហ៊ុនចិន បានប្រកាសថា នឹងដាំចំនួន២០០ហិកតា។

នៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន Harmony Shield International Groupប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ លោកលី មីងយ៉ាង នាយករងក្រុមហ៊ុន Harmony Shield ប្រចាំកម្ពុជា បានថ្លែងថា៖ ក្រុមហ៊ុនបានបណ្តាក់ទុនប្រមាណ២០លានដុល្លារអាមេរិក ដើម្បីដាំឈើធ្នង់យកខ្លឹម ចំនួន៥០០ហិកតា នៅខេត្តពោធិសាត់។ សម្រាប់ដំណាក់កាលដំបូង នឹងដាំចំនួន២០០ហិកតាហើយនឹងពង្រីកជាបន្តបន្ទាប់។

លោកបានបន្តថា៖ តាមធម្មតាឈើធ្នង់ក្នុងរយៈពេលជាង៣០ឆ្នាំ ទើបប្រមូលផលបាន តែខាងក្រុមហ៊ុនមានអ្នកជំនាញ និងបច្ចេកទេសពិសេសខាងបង្កាត់ពូជឈើ ដោយដាំតែក្នុងរយៈពេល១០ទៅ១៥ឆ្នាំ នឹងទទួលបានផល។ ក្រោយប្រមូលផលបាន ក្រុមហ៊ុននឹងនាំចេញទៅក្រៅប្រទេស។

លោក លី មីងយ៉ាង បានបញ្ជាក់ថា៖ នៅទីផ្សារប្រទេសចិន ខ្លឹមធ្នង់១តោនមានតម្លៃ១លានដុល្លារអាមេរិក ដែលខ្លឹមនេះគេយកទៅធ្វើអង្កាំ និងគ្រឿងលំអមានតម្លៃផ្សេងៗ។

ទាក់ទងនឹងក្រុមហ៊ុនទើបនឹងបើកថ្មីនៅកម្ពុជានេះ ត្រូវបានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានីភ្នំពេញបានថ្លែងថា ការសម្រេចមក វិនិយោគទុនរបស់ក្រុមហ៊ុនចិននៅកម្ពុជានេះ បង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម។ ការវិនិយោគទុននេះទៀតសោធ កើតឡើង ស្របពេលរាជធានីភ្នំពេញកំ ពុងតែអភិវឌ្ឍ និងត្រូវការការវិនិយោគបន្ថែម។

លោកអភិបាលរង បានបន្ថែមទៀតថា៖ កម្ពុជា សូមស្វាគមរាល់ការវិនិយោគនិងលើកទឹកចិត្តដល់វិនិយោគិន ក្នុងស្រុកនិងបរទេស និងការពារអ្នកវិនិយោគិនស្របច្បាប់ ៕