(ភ្នំពេញ​)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ ដែលបើក​រថយន្ត​ព្រុស​ បុក​រ៉ឺម៉កកង់បី​ឥណ្ឌា​ ​បណ្តាលឲ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ២​១​ឆ្នាំ។

ចំណែកជនរងគ្រោះមានឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ​៣​៨​ឆ្នាំ មុខរបរ​អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារទួលទំពូង ខណ្ឌចំការមន និងមានជនរងគ្រោះម្នាក់ទៀតជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គួររំលឹកថា ​កាល​ពីវេលាម៉ោង​១៖៤០​នាទី​ ទាបភ្លឺនាថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨ម្សិលមិញ​ មានហេតុការណ៍​មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត​​ឡើ​​ង រវាងរថយន្តម៉ាក តូយ៉ូតា Prius ពណ៌​កណ្ដុរប្រម៉េះ មួយគ្រឿងគ្មានស្លា​ក​លេ​​ខ និងរ៉ឺម៉កកង់​៣​ឥ​ណ្ឌា​ នៅ​ចំណុច​ស្តុប​ទន្លេ​បាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកាមន​ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕