(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៥០នាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១១៤៩គ្រួសារ រស់នៅអមសងខាងផ្លូវរថភ្លើង ចាប់ពីចំណុចកែងផ្លូវភ្លោះ គីឡូម៉ែត្រលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកដល់ចំណុចផ្លូវលេខ៧០ ស្ថិតនៅសង្កាត់៣ មានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ ដែលប៉ះពាល់លើការអភិវឌ្ឍន៍ធ្វើផ្លូវពង្រីកឲ្យធំទូលាយរបស់អាជ្ញាធរ ដែលមានចែងនៅក្នុងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាប្ដូយោបល់គ្នាស្វែងរកដំណោះស្រាយ ឈានទៅរកឈ្នះឈ្នះទាំងអស់គ្នា តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះលោក ជា ពិសី បានថ្លែងថា នាពេលកន្លងមកនេះក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ បានធ្វើការជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង អតីតផ្លូវរថភ្លើង ចាប់ពីចំណុចកែងផ្លូវភ្លោះ រហូតទៅដល់ចំណុចទល់ផ្លូវលេខ៧០ ឱ្យបានជ្រាប អំពីសកម្មភាពក្នុងការអំពាវនាវ ដល់ម្ចាស់ក្បាលដីទាំងអស់ ឲ្យចូលរួមសហការ និងបង្ហាញរាល់ឯកសារ ពាក់ព័ន្ធការកាន់កាប់ដីធ្លីជូនក្រុមការងារក្នុងពេលចុះវាស់វែង បើក្នុងករណីខកខានពុំបានចូលរួម ក្នុងអំឡុងពេលយុទ្ធនាការ ចុះវាស់វែងនេះទេ រដ្ឋបាលខណ្ឌ ពុំទទួលខុសត្រូវចំពោះការបាត់បង់ ផលប្រយោជន៍របស់បងប្អូនឡើយ។

លោកអភិបាលខណ្ឌបន្តថា សម្រាប់មន្ត្រីក្រុមការងារចុះវាស់វែងដីធ្លី និងសម្រង់ឈ្មោះប្រជាពលរដ្ឋ ដែលរស់នៅរងផលប៉ះពាល់អមសងខាងតាមបណ្ដោយផ្លូវរថភ្លើងនេះដែរ ក្នុងគោលបំណង ចង់បានទិន្នន័យឲ្យច្បាស់លាស់មួយ ដោយអនុវត្តតាមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្លូវរថភ្លើងនេះ ត្រូវកាត់ចំនួន៣០ម៉ែត្រសងខាងផ្លូវ គិតពីអ័ក្សចំណុចកណ្ដាលទ្រូងផ្លូវ ដោយស្ថាបនាធ្វើផ្លូវពង្រីកឲ្យធំទូលាយចាក់ជាបេតុងត្រឹមតែ១៥ម៉ែត្រសងខាងប៉ុណ្ណោះទេ ហើយ១៥ម៉ែត្រទៀត នៅសល់ទុកជាដីចំណីផ្លូវថ្នល់នៅពីមុខដីឡូត៍ និងលំនៅដ្ឋានទាំងអស់របស់ប្រជាពលរដ្ឋ ត្រូវបានដកហូតមកបែងចែកប្រគល់ឲ្យប្រជាពលរដ្ឋ អតីតរស់នៅលើផ្លូវរថភ្លើងចាស់ ដែលមានសំណង់មិនរៀបរយនៅក្បែរនោះ។

តែទោះបីជាយ៉ាងណា ចំពោះការជួបជុំពិភាក្សារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៥០នាក់ តំណាងឲ្យ១១៤៩គ្រួសារ រស់នៅប៉ះពាល់អមសងខាងផ្លូវរថភ្លើង ក្នុងការស្វែងរកដំណោះស្រាយ ឈានទៅរកភាពឈ្នះឈ្នះទាំងអស់គ្នា ខាងលើនេះ ពុំទាន់ទទួលបានផ្លែផ្កានោះទេ ដោយសារតែពលរដ្ឋខ្លះ មិនអាចទទួលយកបានទៅតាមការស្នើររបស់អាជ្ញាធរ ព្រមទាំងសំណូមពរអាជ្ញាធរ មេត្តាវាស់វែងកាត់យកដី ដែលរងផលប៉ះពាល់តាមបណ្ដោយផ្លូវរថភ្លើង ដើម្បីស្ថាបនាធ្វើផ្លូវពង្រីកឲ្យធំទូលាយនោះ ត្រឹមតែ១០-១៥ ម៉ែត្របានហើយ ទាំងសងខាង ទើបពួកគាត់អាចទទួលយកបាន៕