(ស្វាយរៀង)៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន នៅក្រុងបាវិត បាននាំគ្នារិះគន់ដល់អាជ្ញាធរក្រុង និងមន្ទីរជំនាញ ដោយបានបណ្តោយឲ្យថៅកែក្រុមហ៊ុនចំនួន៤ ជីកយកអាចម៍ដីជ្រៅ ដល់ក្បាលប្រេតធ្វើឲ្យមានការព្រួយបារម្ភណ៍ដល់សត្វពាហនៈ កូនចៅលង់ទឹកស្លាប់ និងបាក់ដីស្រែរបស់ពួកគាត់ នៅក្បែរកន្លែងរណ្តៅនោះ។

ការព្រួយបារម្ភណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួននេះ នៅពេលដែលពួកគេបានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ស្របពេលដែលមិនមានការអើពើ ពីអាជ្ញាធរ និងមន្ទីរជំនាញ។

ប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនៅសង្កាត់បាវិត មានថៅកែដឹកអាចម៍ដី៤នាក់ កំពុងបានដៃខ្លាំងណាស់ ហាក់បីដូចមិនសូវក្រែងអាជ្ញាធរបន្តិចសោះ គឺពួកគេដឹកដីនៅចំណុចខាងលិច វត្តព្រៃយាយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ដែលមានរណ្តៅដីជាច្រើនកន្លែង ដោយកន្លែងខ្លះជ្រៅ ដល់ក្បាលប្រេតទៅហើយ មិនដែលឃើញអាជ្ញាធរក្រុង ឬមន្ទីជំនាញ ចុះមកធ្វើការហាមឃាត់នោះទេ ពោលបណ្តោយឲ្យក្រុមរថយន្តដឹកដីនេះ ធ្វើអ្វីស្រេចតែចិត្តតែម្តង។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា មិនដឹងថាថៅកែដឹកដីទាំងនេះ ធ្វើងារអីនោះទេ បានជាហ៊ានប្រើប្រាស់ស្លាកលេខសុទ្ធតែ ខ.ម យកមករកស៊ីជាលក្ខណៈឯកជនយ៉ាងដូច្នេះ។ មិនតែប៉ុណ្តោះរថយន្ត ដឹកដីបើកលឿនៗណាស់ បើកបង្ហុយដីដាក់ផ្ទះពលរដ្ឋ និងអ្នកធ្វើដំណើរស្ទើតែថប់ដង្ហើមម្តងៗ។

មន្ត្រីម្នាក់បានលួចបង្ហើបឲ្យដឹងថា ក្រុមរថយន្តដឹកដីនេះ បានមករកស៊ីនៅក្នុងក្រុងបាវិតជាយូរយាណាស់មកហើយ មិនដែលឃើញអាជ្ញាធរ ឬមន្ទីររ៉ែ និងថាមពល ចុះមកហាមឃាត់មិនឲ្យជីកជ្រៅៗ នោះដែរ គឺកន្លែងខ្លះជីកជម្រៅទៅក្រោម មិនក្រោម១០ម៉ែត្រនោះទេ ហើយពុំបានទប់ទំនប់ការពារបាក់ដី និងសត្វគោក្របី ឬមនុស្សធ្លាក់ចូលនោះឡើយ។

ការជីកយកអាចម៍ដីនេះ ក៏នៅមិនឆ្ងាយពីទីប្រជុំជនឡើយ មានប្រមាណតែជាង២គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ទីប្រជុំក្រុងបាវិត។ ហើយអាចម៍ដីដែលត្រូវចាក់នោះ គឺចាក់ដីឲ្យក្រុមហ៊ុនកាស៊ីណូ ដែលមានគោលបំណងចង់កសាងអគារមានកម្ពស់ជាច្រើនជាន់ នៅទីតាំងដីមួយកន្លែង នៅក្នុងសង្កាត់បាវិត តាមផ្លូវចូលទៅវត្តព្រៃយាយ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន នៅក្រុងបាវិត បានសំណូមទៅលោកអភិបាលខេត្តស្វាយរៀង និងមន្ទីជំនាញ ចុះពិនិត្យរណ្តៅដី ដែលក្រុមរថយន្តដឹកដីជីកដល់ជំរៅក្បាលប្រេតផង ពីព្រោះពួកគាត់មានការព្រួយបារម្មណ៍អំពីគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ដល់កូនចៅ សត្វពាហនៈ និងបាក់ដីស្រែ។ល។ ជាពិសេសក្រសួងការពារជាតិសូមជួយពិនិត្យមើលរថយន្តដឹកដីដែលប្រើប្រាស់ស្លាកលេខ ខ.ម.មករកសុីជាលក្ខណះឯកជនមិនបំរើដល់ការងាររដ្ឋតែបែរមករកសុីបំរើអោយក្រុមហ៊ុនទៅវិញសូមមានវិធានការចំពោះរថយន្តទាំងនេះផង។

ពាក់ព័ន្ធករណីខាងលើនេះ លោក ប៉ុក តក ប្រធានមន្ទីរ៉ែ និងថាមពលខេត្តស្វាយរៀង បានថ្លែងបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រយៈកាលកន្លងមក លោកបានចាត់ឲ្យមន្ត្រីរបស់លោក ចុះទៅណែនាំដល់ក្រុមហ៊ុនរថយន្តដឹកដី នៅសង្កាត់បាវិតហ្នឹងដែរ ហើយឲ្យមកចុះបញ្ជីការច្បាប់អាជីវកម្មឲ្យត្រឹមត្រូវផងដែរ។ ពីរខែចុះទៅពិនិត្យរណ្តៅដីម្តងទៅពីរដង។

លោកបានបញ្ជាក់ថា រណ្តៅដីដែលអាចជីកបានអាស្រ័យទៅលើសណ្ឋានដីនៅតំបន់នោះថា វាប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋ ឬយ៉ាងណា ហើយបើអាចជីកបានត្រឹមតែ៥ឬ៦ម៉ែត្រ ទៅក្រោមប៉ុណ្ណោះ។ ចំពោះបញ្ហានេះ លោកនឹងចុះទៅពិនិត្យមើលតែម្តង ក្នុងពេលឆាប់ៗនេះ។

រីឯអាជ្ញាធរក្រុងបាវិត អង្គភាព Fresh News បានសាកសួរទៅមន្ត្រីសាលាសង្កាត់បាវិត តែមន្ត្រីរូបនោះឲ្យសួរទសាលាក្រុងវិញ។ លោកអភិបាលក្រុងបាវិត មិនអាចទំនាក់ទំនងរកការបំភ្លឺបានទេ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ៕