(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អង្គសន្និបាតដែលធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និង​មន្ដ្រីរាជការ​ពាក់ព័ន្ធជាច្រើនរយនាក់ផងដែរ។

តាមការគ្រោងទុកអង្គសន្និបាតប្រចាំឆ្នាំនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនាស្អែកនេះ ដោយមានការពិភាក្សាជាក្រុម ដើម្បីរកពីចំណុចខ្លាំង និងចំណុចខ្សោយ។ ដោយឡែកនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញបិទអង្គសន្និបាតនេះផងដែរ៕