(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង អាចជិះត្រង់ទៅខេត្តកំពង់ធំបានហើយ ដោយមិនចាំបាច់វាងឆ្ងាយទៀតនោះឡើយ ខណៈ ផ្លូវមួយខ្សែកំពុងសាងសង់តភ្ជាប់ពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ ភ្ជាប់ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យតេជោ ហើយក៏ជាផ្លូវដែលកាត់ចំកណ្តាលប្រទេសកម្ពុជាផងដែរ។

ការរដ្ឋានសាងសង់ផ្លូវលេខ៥០C បាននិងកំពុងសំរុកធ្វើយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋក៏អាចធ្វើដំណើរឆ្លង កាត់បានផងដែរ។ ផ្លូវនេះមានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ នៅចំនុជភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ បានចុះត្រួតពិនិត្យ ដោយផ្ទាល់លើការរដ្ឋានសាងសង់ផ្លូវលេខ៥០C។ ផ្លូវមួយខ្សែនេះ អាចនិយាយបានថាជាផ្លូវប្រវត្តិសាស្រ្តមួយដែលអាចបំព្រួញពីចម្ងាយដ៏ឆ្ងាយជាង ១០០គីឡូម៉ែត្រ ឲ្យនៅសល់ត្រឹមតែ ៥៣គីឡូម៉ែត្រ គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ទីរួមខេត្តកំពង់ធំ មានត្រឹមតែ ១៩គីឡូម៉ែត្រប៉ុណ្ណោះ និងផ្លូវរបស់ខេត្តកំពង់ឆ្នាំងមានប្រវែង ៣៤គីឡូម៉ែត្រ។ ផ្លូវនេះកំពុងដំណើរការសាងសង់ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ៦ ទៅរហូតចម្ងាយ ៧គីឡូម៉ែត្រជាផ្លូវកៅស៊ូ។ លុះចាប់ពីគីឡូម៉ែតទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុង ពន្លិចទឹក ដែលមានបាតក្រោម៨ម៉ែត្រ និងខ្នងផ្លូវសាច់បេតុងរហូតដល់ទៅ៦ម៉ែត្រ គឺមានភាពធំទូលាយ ក្នុងការធ្វើចរាចរណ៍ទៅវិញទៅមក ក្រៅពីនេះទៅទៀតផ្លូវនេះ វាជាផ្លូវមួយដែលបម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ច និងជាផ្លូវតភ្ជាប់ភ្ញៀវទេសចរណ៍ ដែលទៅលេងរមនីយដ្ឋាននៃខេត្តទាំងពីផងដែរ។

សមិទ្ធិផលថ្មីដែលទទួលបាននេះ ឃើញប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមកជារឿយៗ បើទោះបីជាផ្លូវមួយខ្សែនេះកំពុងសាងសង់ក៏ដោយ។ ភាពទទួលបានសិទ្ធិផលដ៏អស្ចារ្យនេះ ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពសប្បាយរីករាយ។

លោក គង់ ស៊ីម ជាកសិករធ្វើដំណើរឆ្លងទៅមកនៅលើផ្លូវនេះ បានលើកឡើងថា ផ្លូវមួយខ្សែនេះពិតជាអាចជួយសម្រួលដល់ការធ្វើដំណើរ បានរហ័ស និងចំណាយពេលវេលាតិច ព្រមទាំងផ្តល់នូវភាពងាយស្រួល ក្នុងការដឹកជញ្ជូននូវកសិផលរបស់ពួកគាត់បានងាយស្រួសជាងមុន ហើយរាល់ដំណាំ និងស្រូវអង្កររបស់ពួកគាត់ដែលធ្វើបានងាយស្រួលលក់ និងមានទីផ្សារជាងមុនផងដែរ។

ម៉្យាងវិញទៀតលោកបានអរគុណ និងកោតសរសើរនូវសមិទ្ធិផល ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានផ្តល់ឲ្យសម្រាប់ប្រជាពល រដ្ឋជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រ ដែលជួបការលំបាក ចុងក្រោយគាត់បានប្តេជ្ញារជួយថែរក្សានូវផ្លូវ ព្រមទាំងអំពាវឲ្យបងប្អូនជាអ្នកប្រើប្រាស់ផ្លូវនេះ​ ជួយថែរក្សាផ្លូវដើម្បីប្រើប្រាស់បានយូរអង្វែង៕