(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតប្រទេសកាណាដា។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបាននឹងកំពុងជួយគាំទ្រដល់លើវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានជ្រាបជូនពីលទ្ធផល នៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

អនុប្រធានទី១ អាជ្ញាធរមីន ក៏បានស្នើសុំឲ្យប្រទេសកាណាដា បន្តជួយដល់ការបោសសម្អាតមីន និងជាពិសេសពិចារណាជួយ ដល់វិស័យពិការភាពដោយសារមីននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ទន្ទឹមនេះលោកស្រី នឹងលើកយកនូវសំណើសុំរបស់កម្ពុជាជូនដល់រដ្ឋាភិបាលកាណាដា ដើម្បីពិចារណាជួយដល់វិស័យសកម្មភាពនាពេលអនាគតផងដែរ៕