(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ មានរោងចក្រថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគចំនួន១៤.៦៥លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៤៩៤៦កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនដែលទើបបង្កើតថ្មី ទាំងនោះរួមមាន៖

១៖ ក្រុមហ៊ុន «V.C.O.F.F APPAREL CO., LTD.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៧៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៦កន្លែង។

២៖ ក្រុមហ៊ុន «Bai Hong Cambo Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ខ្សែភ្លើង និងកេសកាតុង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣៖ ក្រុមហ៊ុន «Da Chao Shong Composites Technology Cambodia Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៣៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

៤៖ ក្រុមហ៊ុន « WON FULL ENTERPRISE CO., LTD.»គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ តែមផ្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។

សូមជម្រាបជូនថា រយៈពេល១៦ថ្ងៃដំបូង ខែមីនានេះ មានចំនួន៧ក្រុមហ៊ុនហើយ ត្រូវបាន CDC ចេញច្បាប់ឲ្យដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគ ៩២.០៩លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបានចំនួន ៧៧៧៨កន្លែង៕