(កណ្តាល)៖ លោក រស់ សាលីន អ្នកនាំពាក្យ និងនាយកខុទ្ទកាល័យ នៃក្រសួងអប់រំ យុវជន និងកីឡា និង លោក ផាន់ ផល្លា​ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និងជា​ប្រធាន ក្រុមការងារចលនាយុវជន ស្រុកមុខកំពូល នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានចុះមកជួបសិស្សថ្នាក់ទី១២ ប្រមាណ៥០០នាក់ នៃវិទ្យាល័យព្រែកអញ្ចាញ និងវិទ្យាល័យសិរីមង្គល នៅស្រុកមុខកំពូល ខេត្តកណ្តាល សម្រាប់ត្រៀមប្រលងថ្នាក់ជាតិ ឲ្យបានជោគជ័យ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក រស់ សាលីន បានណែនាំដល់សិស្សានុសិស្សា អំពីបទបញ្ញត្តិ សម្រាប់ការប្រលងមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាប្រលង និងការប្រើប្រាស់ប្រព័ន្ធតេស្ត សមត្ថភាពសិស្សថ្នាក់ទី១២។ នៅក្នុងប្រព័ន្ធតេស្តសមត្ថភាព មានមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន២១៤លំហាត់, គីមីវិទ្យា មាន៣៥៧លំហាត់, ជីវវិទ្យាមាន២៦៥លំហាត់, រូបវិទ្យាមាន៩៥លំហាត់ និងប្រវត្តិវិទ្យាមាន១៣៨សំនួរ។

ក្នុងឱកាសនោះផងដែរ លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញអំពី ការប្រើប្រាស់ប្រព័ន្ធតេស្តសមត្ថភាព ដូចជាការ ចុះឈ្មោះ របៀបធ្វើតេស្តតាមមុខវិជ្ជា និងពីរបៀបត្រួតពិនិត្យលទ្ធផល ដែលបានអនុវត្តកន្លងមកដល់វិទ្យាល័យព្រែកអញ្ចាញ និងវិទ្យាល័យសិរីមង្គល ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល៕