(កោះកុង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យសកម្មភាព ការស្ថាបនាផ្លូវ ស្ពាន លូ របស់កងកម្លាំងវិស្វកម្មកងទ័ពជើងគោកក្នុងអង្គភាពស្ថាបនាផ្លូវលេខ៧៦ និងសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងធ្វើសកម្មភាពស្ថាបនាផ្លូវ ស្ពាន លូ នៅក្នុងភូមិសាស្ត្រ ពីស្រុកថ្មបាំង ទៅកាន់តំបន់ដងស្ទឹង អារ៉ែង ខេត្តកោះកុង ដែលមានប្រវែងផ្លូវក្រាលគ្រោះក្រហម១៨គីឡូម៉ែត្រ។

ឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវលូខាងលើនេះ ក៏មានការចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក អ៊ុច វណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក នឹងជាមេបញ្ជាការបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក នឹងជាមេបញ្ជាការបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក សាឌុន ណារិទ្ធិ មេបញ្ជាការរងកងទ័ពជើងគោក រួមជាមួយនាយទាហានជាន់ខ្ពស់ក្នុងកងខេមរភូមិន្ទ ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានចុះពិនិត្យសកម្មភាពរបស់កងកម្លាំងវិស្វកម្មកងទ័ពជើងគោក កំពុងស្ថាបនាផ្លូវប្រវែង ១៨គីឡូម៉ែត្រ ហើយរួចរាល់១០០% និងបានប្រគល់សុពលភាពជូនអន្តរក្រសួងរួចរាល់ ក្នុងគម្រោងចាស់ឆ្នាំ២០១៧ របស់ក្រសួងអភិវឌ្ឃន៍ជនបទ។

លោកវរសេនីយ៍ឯក អ៊ឺម សារិទ្ធិ មេបញ្ជាការកងស្ថាបនាផ្លូវ លេខ៧៦ បញ្ជាការរដ្ឋានវិស្វកម្មកងទ័ពជើងគោក និងឧត្តមសេនីយ៍ ឯក អ៊ុច វណ្ណថា មេបញ្ជាការរងកងទ័ពជើងគោកនៃ ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានឲ្យដឹងថា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នឹងដោយអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក យើងបានដំណើការចុះអនុវត្តគម្រោងបន្តសម្រាប់ឆ្នាំ២០១៨ ក្នុងការស្ថាបនាស្ពាន បេតុងអាម៉េ១កន្លែងប្រវែង ៤៥ម៉ែត្រ បន្ថែមទៀត លើកំណាត់ផ្លូវដែលស្ថាបនារួចពីស្រុកថ្មបាំង ទៅកាន់តំបន់ស្ទឹងអារ៉ែង។

លោកវរសេនីយ៍ឯក អ៊ឺម សារិទ្ធិ បានបញ្ជាក់ថា ដើម្បីស្ថាបនាស្ពាននេះ បានយើងប្រើប្រាស់កំលាំងសរុបចំនួន ៥៦នាក់ ប្រើប្រាស់មធ្យោបាយ រថយន្តគ្រឿងចក្រ១៣គ្រឿង។ ជាលទ្ធផលរហូតមកទល់ពេលនេះ យើងសម្រេចស្ថាបនាស្ពានបេតុងប្រវែង៤៥ម៉ែត្រ មួយនេះបាន៨៤% ហើយយើងនឹងជំរុញការងារនេះ ឲ្យហើយបានលឿនមុនរដូវភ្លៀង​ ដើម្បីបម្រើឲ្យការធ្វើដំណើដឹកនាំកសិផល ដែលធ្វើបានរបស់ប្រជាជនរស់នៅ ក្នុងតំបន់នោះ ទៅកាន់ទីផ្សារកាន់តែងាយស្រួល។

នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងនៅក្នុងឱកាសចុះបំពេញការងារនៅទីនោះ ដោយបានលើកសរសើរកិច្ចខិតខំបំពេញការងារស្ថាបនាផ្លូវ ស្ពាន លូ របស់កងកម្លាំងវិស្វកម្មកងទ័ពជើងគោក ដែលនៅគ្រប់ការដ្ឋានដែលកងកម្លាំងបានកសាងស្របតាមស្តង់ដារ អន្តរក្រសួងទទួលយក ប្រកបដោយគុណភាព និងសោភ័ណភាពផងដែរ៕