(ភ្នំពេញ)៖ ក្រោយបញ្ចប់បេសកកម្ម នៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ដោយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបហើយនោះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លៃងការណ៍របស់ខ្លួនចំនួន៧ទំព័រ។

ក្នុងសេចក្តីថ្លៃងការណ៍នោះ លោកស្រីបានលើកឡើងនូវបញ្ហាជាច្រើ​ន ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នករាយការណ៍ពិសេសរូបនេះ មិនភ្លេចពីការលើកសរសើរនូវកំណើន សេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ដែលមិនអាចប្រកែកបានឡើយ។

លោកស្រី រ៉ូណា ស្មីត បាននិយាយក្នុងសេចក្តីថ្លៃងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នៅតែបន្តទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលបានផ្តល់ធនធានសម្រាប់ការលើកកម្ពស់ កិច្ចការពារសង្គម និងការទទួលបានការអប់រំ ការងារ និងកិច្ចគាំពារសុខភាពសមរម្យ។ ខ្ញុំរីករាយចំពោះផែនការអភិវឌ្ឍសន្តិសុខសង្គម និងមូលនិធីសមធម៌សុខភាព និងធ្វើការឈានទៅរកលទ្ធភាពទទួលបានកិច្ចគាំពារសុខភាពជាសកល»

លោកស្រី រ៉ូណា ស្មីត បានអញ្ជើញមកបំពេញបេសកកម្មរបស់ខ្លួន កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ និងបញ្ចប់បេសកកម្មនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

ក្នុងឱកាសជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបនោះ លោកស្រីក៏បានចូលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្នផងដែរ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ ក្នុងជំនួបនោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានពន្យល់ជូនលោកស្រី ស្មីត យ៉ាងលម្អិត អំពើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការអភិវឌ្ឍនៅកម្ពុជា។ លោកថា កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ត នៃការកែទម្រង់សំខាន់ៗ និងបន្តបន្ទាប់។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា ផ្អែកលើលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ជាបន្តបន្ទាប់, រាជរដ្ឋាភិបាលធានាបានប្រក្រតីភាពនៃ ដំណើរការសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសធានានិងរក្សាបាន នូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ព្រមទាំងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១,៣២៦,៩២៨លានរៀល ឬសមមូលនឹងប្រមាណជាង ១៥,២៣៧លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៣ ដល់ ៨៩,៥០៩,៤២២លានរៀល ឬសមមូលនឹងប្រមាណជាង ២២,១៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ ៩៩,១១៦,០៤១លានរៀល ឬសមមូលនឹងប្រមាណជាង ២៤,៥៥២ លានដុល្លារ អាមេរិកនៅឆ្នាំ២០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា ចំណូលមនុស្សម្នាក់ធៀបនឹង ផ.ស.ស. បានកើនឡើងពី ១,០៤២ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១,៤៣៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ១,៥៦៨ ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ក្នុងខណៈដែលអត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់ ៤,០៥០រៀល ក្នុងមួយដុល្លារអាមេរិក។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាព ជាម្ចាស់ជាងមុន ដែលនេះ គឺជាផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអនុវត្ត ក្នុងឆន្ទះប្តូរផ្តាច់ឥតងាករេនូវវិធានការមុតស្រួច ទាំងឡាយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល៕