(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋជាស្រ្តីក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណ១២៦៤នាក់នារសៀលថ្ងៃទី១៤ ខែមីនានេះ ដោយបានណែនាំដល់ស្រ្តីឲ្យខិតខំប្រឹងប្រែង​ពង្រឹងពង្រីកសមត្ថភាពជំនាញ វិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកភាសាខ្មែរ បរទេស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តពិភពលោកថ្មីៗ ដើម្បីឆ្លើយតបស្របតាមប្រធានបទស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិឆ្នាំ២០១៨ និងទិសដៅយុទ្ធសាស្រ្តរបស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់តួនាទីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យមុខងារសាធារណៈ និងនយោបាយកាន់តែច្រើន លើកកម្ពស់សមត្ថភាពស្រ្តី ដើម្បីចូលរួមការពារសន្តិភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

នាយឧត្តមសេនីយ៍មបានសំដែងនូវការកោតសរសើរចំពោះស្រ្តីគ្រប់រូបកន្លងមក ដែលបានបំពេញបេសកកម្មប្រកប​ដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបស្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុឯករាជ្យ សន្តិភាព បូរណៈភាពទឹកដីនិងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្មបំរើសង្គមជាតិ អភិវឌ្ឍន៍ប្រទេសជាតិការពារសុខសន្តិភាព ធ្វើឱ្យមានសុខដុមរមណីកម្មក្នុងសង្គម ហើយសមិទ្ធផលសន្តិភាព និងស្ថិរភាពនយោបាយដែលមានសព្វថ្ងៃនេះ ស្រ្តីក៏ជាផ្នែកមួយដ៏សំខាន់បានចូលរួមចំណែកកសាងសន្តិភាពដ៏មានតម្លៃមហាសាលនៅក្នុងព្រះរាជាណាចក្រកម្ពុជានាកន្លងមក។

លោក ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់ស្រ្តីជាមាតាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅខិតខំរៀនសូត្រ កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ ចេញឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចែកអំណោយអនុស្សាវរីយ៍ជូនស្រ្តីចូលរួម១២៦៤នាក់ ម្នាក់ៗសារុង១ ក្រណាត់បក្ស១ដុំនិងថវិកាមួយចំនួន ព្រមទាំងរៀបចំពិសារបាយសាមគ្គីមួយពេលផងដែរ៕