(កំពង់ចាម)៖ ​ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្ដ្រាលី នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ សម្ដេចនឹងសួរមេដឹកនាំវៀតណាម រឿងលួចជួបចរចាគ្នារវាងទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំវៀតណាមនាអំឡុងឆ្នាំ២០០៣។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងជំនួបនីមួយៗច្បាស់ណាស់ គេប្រាកដជាមាននូវកំណត់ហេតុ ហើយសម្ដេចនឹងតាមរកកំណត់ហេតុនោះ ដើម្បីដឹងរឿងកាន់តែច្បាស់ថា តើក្នុងការលួចជួបគ្នានោះ ទណ្ឌិត សម រង្ស៊ី និយាយអំពីបញ្ហាអ្វីខ្លះបានជាមិនហ៊ានជួបដោយបើកចំហរ​យ៉ាងដូច្នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​​ខ្ញុំនឹងសួរមេដឹកនាំវៀតណាម​លើករឿងនេះ តើកាលហ្នឹងនិយាយគ្នាពីអី ខ្ញុំនឹងសួរ។ ខ្ញុំគ្រាន់តែចង់ដឹងថា ពេលហ្នឹង គេនិយាយពីអី ខ្ញុំនឹងសួរ បើមិត្តវៀតណាម ស្មោះត្រង់ជាមួយខ្ញុំ ជាមួយកម្ពុជាពិតប្រាកដ តើមានដែលលោកហ្នឹង គាត់ទៅទស្សនកិច្ចនៅ ហាណូ​យ និងលោកនឹង ទៅទស្សនកិច្ច នៅភ្នំជើងបាដែង និយាយពីអីខ្លះ បើសិនបើវៀតណាម ស្មោះត្រង់ជាមួយខ្ញុំ ខ្ញុំនឹងសួរវៀតណាម។ ខ្ញុំនឹងតាមសួររឿងហ្នឹង មានកំណត់ហេតុឬអត់ ខ្ញុំសុំកំណត់ហេតុ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ប្រៀបបានដូចជាចោរអញ្ចឹង ដោយសារតែធ្វើអ្វីម្ដងដែលមិនហ៊ានបើកចំហរនោះទេ ​តែងតែលួចលាក់ជានិច្ច​ គឺខុសពីសម្ដេចស្រឡះតែម្ដង ដែលធ្វើអ្វីតែងតែបើកចំហរជានិច្ច។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បណ្តាញទំនាក់ទំនងសង្គម Facebook បានទម្លាយ​ថា លោក សម រង្ស៊ី បានលួចទៅជួបចរចាជាមួយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម​ កាលពីឆ្នាំ២០០៣-២០០៤ នៅទីក្រុងហាណូយ ខណៈពេលនោះលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំង​នៅកម្ពុជា ហើយប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសំងាត់ ហើយសម្រួល និងយល់ព្រមតាមសំណើរវៀតណាមនូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ដែលមានកំពុងវិវាទជាមួយគ្នា ខណៈដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ជំទាស់នឹងវៀតណាមលើករណីរឿងព្រំដែននៃប្រទេសទាំងពីរ។

ក្នុងជំនួបរវាង សម រង្ស៊ី និងអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន ក៏បាននិយាយអំពីការជួយសម្រួលផ្តល់សិទ្ធិ ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នៅពេលគណបក្សប្រឆាំងកាន់កាប់អំណាចដឹកនាំប្រទេស។ នៅក្នុងជំនួបនោះអ្នកទាំងពីរ ក៏បានលើកឡើងអំពី ជនជាតិយួនមួយចំនួន ដែលកំពុងរស់នៅទឹកដីខ្មែរផងដែរ ក្រៅពីនិយាយ អំពីព្រំដែន។ សម រង្ស៊ី ធ្លាប់ជួបជាមួយថ្នាក់ដឹកនាំវៀតណាម ចំនួន២ដងរួចហើយ ទី១៖ នៅទីក្រុងហាណូយ និងទី២៖ នៅខេត្តតៃនិញ របស់វៀតណាម។

ជនក្បត់ជាតិ សម រង្ស៊ី ក៏បានសន្យាជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ក៏ដូចជាមន្រ្តីជាន់ខ្ពស់ការទូតរបស់វៀតណាមថា នឹងជួយសម្រួលផ្តល់សិទ្ធិ ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីខ្មែរ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះត្រូវតែជួយដល់គណបក្សប្រឆាំង ដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជា កាន់អំណាចដឹកនាំប្រទេសជាមុនសិន៕