(ស្វាយរៀង)៖ កុមារាម្នាក់អាយុ៣ឆ្នាំ បានរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់ ខណៈកាន់ដងសន្ទួចស្ទួចត្រីជ័រ យកមកស្ទួចនៅមាត់ស្រះខាងជើង ផ្ទះចម្ងាយ១៥ម៉ែត្រ គ្មានអ្នកដឹង។ ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយវៀង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមារាខាងលើ បានកាន់ដង សន្ទួចស្ទួចត្រីជ័រ ដើរស្ទួចលេង ហើយឪពុក-ម្តាយ មិនបានចាប់អារម្មណ៍ ដោយសាររវល់ការងារផ្ទះ។

សមត្ថកិច្ចដដែលបានបន្ថែមទៀតថា លុះរហូតដល់ម៉ោងប្រមាណ៤រសៀល ក៏ដឹងបាត់កូន នាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ សង្ស័យធ្លាក់ស្រះទឹកខាងជើងផ្ទះ ក៏បានឲ្យអ្នកជិតខាង ចុះរុករកក្នុងស្រះ ទើបប្រទះឃើញ សពក្មេងប្រុសស្លាប់នៅក្នុងបាតទឹកទៅហើយ។

ក្រោយពីមានការភ្ញាក់ផ្អើលថា មានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុខាង ដើម្បីពិនិត្យសាកសព ប៉ុន្តែពុំមានស្លាកស្នាមអ្វីនោះទេ គឺស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ទើបសមត្ថកិច្ចប្រគល់សពឲ្យ ទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕