(ភ្នំពេញ)៖ ចំពោះកិច្ចព្រមព្រាងរវាងលោក សម រង្ស៊ី នឹងលោក Kok Ksor (កុក ស) មេដឹកនំាចលនាវៀតណាមម៉ុងតាញ៉ា ដោយកាត់ខេត្ដខ្មែរចំនួន៤ ភាគឥសានឲ្យទៅជនជាតិវៀតណាម ម៉ុងតាញ៉ាគ្រប់គ្រងដោយស្វ័យភាពនេះ គឺបាននឹងកំពុងញំាងដល់ទឹកចិត្ដបេះដូងខ្មែរទំាងក្នុង នឹងក្រៅប្រទេសមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លំាងបំផុត អំពីអំពើក្បត់ជាតិដ៏ធំធេង របស់លោក សម រង្ស៊ី។ ដើម្បីឆ្លើយតប នឹងបញ្ហាក្បត់ជាតិខ្លួន លោក សម រង្ស៊ី ចេញខ្លួនមកការពារខ្លួនទំាងប្រផុយប្រផានតាមវិទ្យុបារំាង ថាការចុះហត្ថលេខារវាងខ្លួន (សម រង្ស៊ី) នឹងលោក Kok Ksor (កុក ស)នេះ គឺដើម្បីទទួលស្គាល់សិទ្ធិស្របច្បាប់ជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្ដភាគឥសានប្រទេសកម្ពុជា មានដូចជា៖ មណ្ឌលគីរី, រតនគីរី, ក្រចេះ និងស្ទឹងត្រែង។

រឿងសើច ឬជារឿងឈឺសើច! ចំពោះការលើកទ្បើងនេះ លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានឲ្យដឹងទំាងទឹកមុខញញឹមផងនឹងសើចផងថា បើនិយាយពីជនជាតិដើមភាគតិច ដែលរស់នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ គឺមានចំនួនប្រមាណ២៤ប៉ុណ្ណោះ ជាអាទិ៍៖ តាចក់, ក្រោល, ជង, ខិ, រដែល, កាវ៉េត, កួយ, ទំពួន, ព័រ, សំរ៉ែ, ភ្នង ជាដើម។ បានន័យថា ក្នុងចំណោមជនជាតិដើមភាគតិចប្រមាណទំាង២៤នេះ គឺពុំមានជនជាតិដើមភាគតិចម៉ុងតាញ៉ា ស្ថិតក្នុងប្រទេសកម្ពុជាយើងនោះទេ។ ពីព្រោះជនជាតិម៉ុងតាញ៉ានេះ គឺជាជនជាតិដើម ភាគតិចវៀតណាមរស់នៅតំបន់ភ្នំ ដែលគេហៅថា «អ្នកភ្នំវៀតណាម»។

ចំពោះលោក សម រង្ស៊ី ដែលខំអះអាងម្ដងហើយម្ដងទៀតថាកិច្ចព្រមព្រៀងនេះ គឺដើម្បីទទួលស្គាល់សិទ្ធិស្របច្បាប់ជនជាតិដើមភាគតិចម៉ុងតាញ៉ា មាននៅក្នុងខេត្ដទំាងបួននេះ។ ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ បានថ្លែងបន្ថែមទំាងអស់សំណើចទៀតថា បើដូច្នេះបើនិយាយពីជនជាតិដើមភាគតិចម៉ុងតាញ៉ា ប្រសិនក្នុងករណីបើមានគឺប្រហែលជាមានតែលោក Kok Ksor (កុក ស) ម្នាក់ហ្នឹងឯង។ ហើយអ្វីដែលសំខាន់ជាងនេះទៀត សព្វថ្ងៃនេះសូម្បីតែលោក Kok Ksor (កុក ស) នេះផងដែរក៏គាត់ពុំបានរស់នៅកម្ពុជាយើងទៀត គឺគាត់រស់នៅអាមេរិកឯណោះទៅទៀត។

បើហេតុនេះ លោក រត្ន័ សណ្ដាប់ ចោទជាចម្ងល់ថា តើអត្ថន័យកិច្ចព្រមព្រៀងដែលថា មានគោលដៅទទួលស្គាល់សិទ្ធិស្របច្បាប់ ជនជាតិដើមភាគតិចម៉ុងតាញ៉ា ឬក៏ដើម្បីអនុវត្ដន៍ វិមជ្ឃការថ្នាក់ក្រោមជាតិយ៉ាងម៉េច បើជនជាតិដើមភាគតិចនេះ គឺពុំមានរស់នៅខេត្ដខ្មែរទំាង៤ ក្នុងកិច្ចព្រមព្រៀងហ្នឹងផង?

ទន្ទឹមនឹងនេះផងដែរ ចំពោះករណីលោក Kok Ksor (កុក ស) ដែលខិតខំអះអាងថា គាត់ជាជនជាតិខ្មែរ ដោយយកលេសមានកាតសម្គាល់ផ្សេងៗតំាងពីសម័យលន់ នល់ នោះក៏ពុំប្រាកដជាត្រឹមត្រូវផងដែរ។ ជាក់ស្ដែងដូចជនជាតិរួមជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសឃើញទំាងអស់គ្នាច្បាស់នឹងភ្នែកហើយ គឺគាត់ពុំទំាងចេះភាសា ឬអក្សរខ្មែរ សូម្បីតែមួយពាក្យ ឬមួយម៉ាត់ផងនោះ។

បានសេចក្ដីថា ដើម្បីបញ្ជាក់អត្ដសញ្ញាណឲ្យច្បាស់ថាគាត់ខ្មែរ ឬក៏ពុំមែន គឺទាល់តែគាត់បង្ហាញទទ្ប្ហីករណ៍ឲ្យមានភាពរឹងមំាជាងនេះបន្ថែមទៀត ជាអាទិ៍៖ ដូចជាគាត់កើតនៅភូមិ ឃុំ ស្រុក ខេត្ដណា? ហើយសព្វថ្ងៃនេះតើគាត់មានបងប្អូនណាខ្លះ រស់នៅលើទឹកដីកំណើតខេត្ដណាមួយក្នុងប្រទេសកម្ពុជាជាដើម។ ពីព្រោះថាមនុស្សម្នាក់ៗដាច់ខាតត្រូវតែមានអំបូរវង្សត្រកូលគ្រួសារ បន្ដរស់នៅទីកន្លែងកំណើតរបស់ខ្លួន ជាដាច់ខាត។

ស្ថិតក្នុងន័យនេះ អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានអះអាងបញ្ជាក់ថា បើនិយាយពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក Kok Ksor (កុក ស) ជាមេដឹកនំាចលនាជនជាតិម៉ុងតាញ៉ាដោយប្រើទង់ជាតិព្រះរាជាណាចក្រកម្ពុជា, ទង់ជាតិ (ម៉ុងតាញ៉ា) និងទង់ជាតិអាមេរិកំាង ស្ថិតចំកណ្ដាលក្នុង ការកាត់ខេត្ដខ្មែរចំនួន៤គឺ៖ មណ្ឌលគីរី, រតនគីរី, ក្រចេះ និងស្ទឹងត្រែង ជាស្វ័យភាពឲ្យបរទេសនោះគឺបង្ហាញយ៉ាងច្បាស់ថា ជនជាតិម៉ុងតាញ៉ានេះគឺជារដ្ឋអធិបតេយ្យមួយយ៉ាងពិតប្រាកដ ពីព្រោះទង់ជាតិ គឺជានិមិត្ដរូបតំណាងឲ្យអធិបតេយ្យជាតិបូរណភាពទឹកដីនៃរដ្ឋនីមួយៗ។ មានន័យថា «ចំពោះការប្រើទង់ជាតិជនជាតិ (ម៉ុងតាញ៉ា) នេះ គឺជនជាតិនេះស្មើនឹងរដ្ឋអធិបតេយ្យ ដូចខ្មែរ ឬអាមេរិកំាង» យ៉ាងដូច្នោះដែរ។ ដូច្នេះអ្នកនយោបាយខ្មែរគួរឈប់លេងល្បែងបិតពួនរបៀបកូនក្មេង គឺបិតមុខហើយទុកគូទឲ្យស្ថិតនៅកណ្ដាលវាលនោះទៀតទៅ៕