(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ទង្វើរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយនពេលនេះ គឺជារឿងមួយគួរឱ្យសោកស្តាយ និងស្មោកគ្រោកបំផុត ដែលក្បត់នឹងផលប្រយោជន៍ជាតិ និងក្បត់អង្គព្រះមហាក្សត្រខ្មែរ។

ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានទម្លាយថា លោក សម រង្ស៊ី បានលួចទៅជួបចរចាជាមួយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម កាលពីឆ្នាំ២០០៣-២០០៤ នៅទីក្រុងហាណូយ ខណៈដែលលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ហើយប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសំងាត់ ហើយសម្រួល និងយល់ព្រមតាមសំណើរវៀតណាមនូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ដែលមានកំពុងវិវាទជាមួយគ្នា ខណៈដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ជំទាស់នឹងវៀតណាមលើករណីរឿងព្រំដែននៃប្រទេសទាំងពីរ»។

លោក ពេជ្រ ស្រស់ បានលើកឡើងថា «ទង្វើររបស់លោក សម រង្ស៊ី គឺជារឿងគួរឲ្យសោកស្តាយ និងស្មោកគ្រោកបំផុត ដែលក្បត់នឹងផលប្រយោជន៍ជាតិ និងក្បត់អង្គព្រះមហាក្សត្រខ្មែរ ដែលហ៊ានសាហាយស្មន់ ជាមួយនឹងប្រទេសជិតខាង មកបំផ្លាញអធិបតេយ្យដែនដីខ្មែរខ្លួនឯង គួរណាស់ក្នុងនាម អ្នកនយោបាយខ្មែរ ត្រូវតែស្មោះស្ម័ក្រនឹងជាតិខ្លួនឯង មិនគួរប្រព្រឹត្តអំពើក្បត់ នឹងផលប្រយោជន៍ជាតិខ្លួនឯងនោះទេ»

លោកបានបន្តថា ប្រទេសកម្ពុជាវិនាសដែនដីតូចចង្អៀតដូចសព្វថ្ងៃនេះ គឺដោយសារតែមានអ្នកនយោបាយ មានចរិកឱបជើងបរទេស ដើម្បីអំណាចផ្ទាល់ខ្លួនដូច លោក សម រង្ស៊ី យ៉ាងដូច្នេះ។

សូមបញ្ជាក់ថា នាថ្មីៗនេះ កិច្ចព្រមព្រៀងបែងចែកទឹកដីរវាង លោក សម រង្ស៊ី និងលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) រឺម៉ុងតាញ៉ា (វៀតណាមសេរី)នោះ ដែលធ្វើឡើងកាលពីឆ្នាំ២០១៣ ក៏ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយផងដែរ។ នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព៕