(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាពុទ្ធិកសាកលវិទ្យាល័យដ៏ចំណាស់នៅកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបើកការការពារសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ លើសមណនិស្សិត-និស្សិត ជាង៣០០អង្គ/នាក់ នៅខេត្ត-ក្រុងចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ​ បានបើកការការពារបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ សរុបចំនួន១០១អង្គ/នាក់ លើឯកទេសចំនួន៦គឺ ឯកទេសទស្សនវិជ្ជាចំនួន១២អង្គ/នាក់ ឯកទេសរដ្ឋបាលអប់រំ ចំនួន២៩អង្គ/នាក់ ឯកទេសគ្រប់គ្រង ចំនួន២១អង្គ/នាក់ ឯកទេសអក្សរសាស្រ្តខ្មែរ ចំនួន១៤អង្គ/នាក់ ឯកទេសភាសាបាលី ចំនួន៨អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៧ អង្គ/នាក់។

ចំណែកឯ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង មានសមណនិស្សិត-និស្សិតសរុបចំនួន១៤៣អង្គ/នាក់ លើឯកទេស ចំនួន៥គឺ ឯកទេសសង្គមវិជ្ជា សរុបចំនួន៨អង្គ/នាក់ ឯកទេសរដ្ឋបាលអប់រំ ចំនួន៣០អង្គ/នាក់ ឯកទេសគ្រប់គ្រង ចំនួន៣៥អង្គ/នាក់ ឯកទេសអក្សរសាស្រ្តខ្មែរ ចំនួន៥៤អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៦ អង្គ/នាក់។

ដោយឡែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង មានសមណនិស្សិត-និស្សិត ចំនួន៥៥អង្គ/នាក់ លើឯកទេស ចំនួន៣គឺ៖ ឯកទេសរដ្ឋបាលអប់រំ ចំនួន១៩អង្គ/នាក់ ឯកទេសគ្រប់គ្រង ចំនួន១៩អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៧ អង្គ/នាក់។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានសង្ឃដីកាថា ពុទ្ធិកសាកលវិទ្យាល័យ នៅតែបន្តពង្រីកខ្លួនបង្រៀនដល់ សមណនិស្សិត-និស្សិត ជាបន្តទៀត ដើម្បីផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ទាំងផ្នែកព្រះពុទ្ធ និងសង្គមទូទៅ។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានសង្ឃដីកាបន្ថែមថា ការបើកការការពារសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ លើសមនិស្សិត-និស្សិត ជាង៣០០អង្គ/នាក់ នៅខេត្ត-ក្រុងចំនួន៣ បង្ហាញឲ្យឃើញថា ពុទ្ធិកសាកលវិទ្យាល័យកំពុងទទួលបានការគាំទ្រ ពីសាធារណជន។

ព្រះអង្គ ឃី សុវណ្ណរតនា មានសង្ឃដីកាបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យ ក៏មានការជ្រើសរើសសមណសិស្ស- សិស្សអាហារូបករណ៍១០០% ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ រយៈពេល៤ឆ្នាំពេញ ចំនួន៤៥០កន្លែង បេក្ខជនត្រូវមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុក) ឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយមិនគិតពីនិទ្ទេស និងឆ្នាំសិក្សា។

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានសិក្សា ដែលមានវ័យចំណាស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានការបណ្តុះបណ្តាលធនធានមនុស្សឲ្យក្លាយជាបញ្ញវ័ន្តជាច្រើនរូប ប្រកបដោយពុទ្ធិ គុណធម៌ សីលធម៌ និងចរិយាធម៌។

បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននឹងកំពុងតែបណ្តុះបណ្តាលសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រប្រកប ដោយជោគជ័យលើឯកទេសចំនួន៩ បាន១៣ជំនាន់ និងកំពុងបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនជំនាន់​និងជាច្រើនឯកទេសបន្ថែមទៀត៕