(ភ្នំពេញ)៖ ក្រុមហ៊ុនបណ្តាញ​សង្គមដ៏ធំជាង​គេ​លើលោក Facebook បានទាត់ចោល​ភ្លាមៗនូវពាក្យបណ្តឹង​​របស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែល​ស្នើ​​សុំ​​​ឲ្យ Facebook បង្ហាញព័ត៌មាន​នៃ Facebook Page របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា។ នេះ​បើ​តាម​​ចេញផ្សាយដោយ​ សារ​ព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ដែលត្រូវបានយកមកប្រែសម្រួល នៅព្រឹ​កថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

ពាក្យបណ្តឹង​ខាងលើ បានចោទប្រកាន់​​សម្តេចតេជោ ហ៊ុន សែន ថា បានបំពាន​​លើគោលការណ៍​ផ្សេងៗរបស់បណ្តាញ​សង្គមយក្សមួយនេះ រួមមាន​ការទិញ​ចំនួន Like និងការគំរាមសម្លាប់​ជីវិតមនុស្ស​ជាដើម។ ផ្ទុយទៅវិញក្នុង​ការឆ្លើយតប​របស់ខ្លួនក្រុមហ៊ុន Facebook បានអះអាងថា ពាក្យ​បណ្តឹង​​របស់លោក សម រង្ស៊ី បានរំលោភ​លើ​ច្បាប់​ការពារ​ព័ត៌មានផ្ទាល់ខ្លួន​របស់អ្នកប្រើ​ប្រាស់ និង​ច្បាប់ពាក់ព័ន្ធមួយ​ចំនួនផ្សេង​ទៀត។

នៅក្នុងការច្រាន​ចោល​ខាងលើ Facebook ក៏បានចាត់ទុក​សំណើរបស់​លោក សម រង្ស៊ី ដែលស្នើសុំ​ឲ្យ​​លាត​ត្រដាងព័ត៌មាន​ឯកជននេះ គឺ​គ្រាន់ជា​​​ផ្នែកមួយ​ប៉ុណ្ណោះ នៃបញ្ហាវិវាទផ្ទាល់​ខ្លួន​របស់លោក ជាមួយនឹង​សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជា​ការព្យាយាម​របស់លោកដើម្បី​​តែ​អំណាច​ផ្នែកនយោបាយ​របស់ខ្លួន​ប៉ុណ្ណោះ។

Facebook បានចោទប្រកាន់​លោក សម រង្ស៊ី ទៀតថា កំពុងព្យាយាម​អូសទាញក្រុមហ៊ុន​អព្យាក្រឹតនេះ ឲ្យចូលពាក់ព័ន្ធ​ក្នុង​ជម្លោះ​ផ្នែក​​នយោ​បាយ​មួយ​នេះ។ ម៉្យាងវិញទៀត ការឆ្លើយតប​បដិសេធរបស់​ក្រុមហ៊ុន Facebook ចំពោះពាក្យ​បណ្តឹងរបស់​លោក សម រង្ស៊ី ក៏ដោយសារ​តែ​វាពុំមាន​ភ្ជាប់មកជាមួយ​ នូវឯកសារតុលាការ​កម្ពុជាណា​មួយឡើយ ពោលគឺមានតែ​អត្ថបទកាសែត ស្តីពីសំណុំរឿង​បរិហាកេរ្តិ៍​​​របស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។

គួរជម្រាបថា ដោយសំណើ​របស់ខ្លួន ត្រូវបាន Facebook បដិសេធយ៉ាង​ដាច់អហង្កា​បែបនេះ ក្រុមមេធាវីរបស់​លោក សម រង្ស៊ី ​ក៏​បាន​ធ្វើ​​ការ​ចោទប្រកាន់ផ្សេងៗ​ចំពោះ​ក្រុមហ៊ុន Facebook តែម្តង។ ដោយ​ឡែក ​នាពេលនេះ​បញ្ហាខាងលើ ត្រូវធ្លាក់ទៅក្នុង​ដៃតុលាការ​សង្កាត់​ភាគ​ខាង​ជើងនៃ​រដ្ឋកាលីហ្វរញ៉ា ដើម្បីសម្រេចជា​ចុងក្រោយ ថាតើខ្លួននឹង​ត្រូវចេញដីកា​បង្គាប់ឲ្យ​ក្រុមហ៊ុន Facebook អនុវត្តន៍តាម​សំណើរបស់​​លោក សម រង្ស៊ី ដែរឬ​យ៉ាងណា៕