(ភ្នំពេញ)៖ លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញអំពីភស្តុតាងចំនួន៣ចំណុច ដែលស្តែងឱ្យឃើញពីទង្វើក្បត់ជាតិរបស់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ មិនអាចប្រកែកបាន។

លោក សុខ ឥសាន បានបញ្ជាក់ថា ចរិតក្បត់ជាតិ ៣ចំណុចនោះរួមមាន៖

១៖ ទណ្ឌិត សម រង្សី បានសន្យាប្រគល់ដីខ្មែរ៤ខេត្ត ឲ្យពួកយួនសេរី ដេហ្គា កាន់កាប់និងគ្រប់គ្រង ធ្វើជាមូលដ្ឋានបង្អែកដើម្បីប្រឆាំងនឹង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២៖ ទណ្ឌិត សម រង្សី ជាអ្នកញុះញង់បង្កសង្គ្រាមជាមួយប្រទេសវៀតណាម ផ្ទុយពីឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលចង់បានសន្តិភាព និងទំនាក់ទំនងមិត្តភាព សាមគ្គីភាពល្អជាមួយប្រទេសជិតខាង ។

៣៖ ទណ្ឌិត សម រង្សី ជាជនក្បត់ជាតិក្បត់ប្រជាជនកម្ពុជា ចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីម្តងទៀត ។

លោកបានបញ្ជាក់បន្ថែមថា «ផ្អែកលើមូលដ្ឋានអវិជ្ជមានខាងលើនេះ ប្រជាជនកម្ពុជា ប្តេជ្ញារួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា វាយកម្ទេចរាល់ឧបាយកល និងសកម្មភាពក្បត់ជាតិរបស់ពួកឧទ្ទាមក្រៅច្បាប់ ដែលបាននិងកំពុងធ្វើសកម្មភាពបម្រើឧបាយកលពិសពុលនៃពួកចក្រពត្តិ ដែលចង់បំផ្លាញប្រទេសកម្ពុជា និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដើម្បីការពារឲ្យបានសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»

លោកបានបន្តទៀតថា «ប្រជាជនកម្ពុជា ប្តេជ្ញាកំចាត់ចោលពួកក្បត់ជាតិដូច ទណ្ឌិត សម រង្សី ជនជាប់ចោទ កឹម សុខា និងបក្សពួក ទាំង ១១៨ រូបទៀតកុំឲ្យវាវិលវិញមកជាន់ដីកម្ពុជាបានជាដាច់ខាត»

សូមជំរាបថា ទំហំនៃការល្បីរន្ទឺអំពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស ជាជនជាតិភាគតិច Degar ឬហៅថា ម៉ុងតាញ៉ា កាត់ខេត្តចំនួន៤របស់ខ្មែរឲ្យ វៀតណាមគ្រប់គ្រងនោះ កាន់តែរីកធំឡើងៗហើយ ដោយសារទង្វើនេះជាអំពើក្បត់ជាតិយ៉ាងធំធេងណាស់។ ដើម្បីឆ្លើយតបនឹងបញ្ហាដ៏រសើបរបស់ប្រទេសជាតិមួយនេះ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និងលោក កុក ស បានចេញខ្លួនការពារខ្លួន និងឆ្លើយតបតាមរយៈវិដេអូខ្លីមួយ ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះថា លោក កុក ស មិនមែនជាជនជាតិវៀតណាម លោកគឺជាជនជាតិខ្មែរ និងមានប័ណ្ណសំគាល់ខ្មែរទៀតផង។

ពិតអស់សំណើចចំពោះការលើកឡើងនេះ ដោយលោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានឲ្យដឹងជាមួយនឹងទឹកមុខញញឹមថា ប្រសិនបើលោក កុក ស អះអាងថា ខ្លួនជាជនជាតិខ្មែរ ត្រូវតែចេះនិយាយ និងអានភាសាខ្មែរ ដើម្បីបញ្ជាក់អំពីជាតិសាសន៍របស់ខ្លួន ចុះហេតុអ្វីលោក កុក ស មិនចេះនិយាយភាសាខ្មែរសូម្បីមួយម៉ាត់។ នៅក្នុងវិដេអូនោះ, លោក កុក ស បាននិយាយភាសាអង់គ្លេសដោយខ្លួនឯងថាមិនចេះនិយាយខ្មែរ នៅពេលរូបលោកចាប់ផ្តើមរៀបរាប់អំពីប្រវត្តិរបស់ខ្លួនជូនសាធារណជន។ លោក កុក ស បាននិយាយដូច្នេះថា៖ «I can't speak Khmer» មានន័យថា «ខ្ញុំមិនចេះនិយាយភាសាខ្មែរ» បន្ទាប់មកទើបមានអ្នកបង្គាប់ឲ្យលោកនិយាយភាសាអង់គ្លេសតែម្តងទៅ។

ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ក្រឡែតតែម្តងថា លោក កុក ស ជាជនជាតិភាគតិចម៉ុងតាញ៉ាដើមកំណើតវៀតណាមសុទ្ធសាធដែលមិនប្រកែកបាន។ (សូមទស្សនាវិដេអូ)។

លើសពីនោះទៅទៀត អ្នកជំនាញអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក Kok Ksor (កុក ស) ជាជនជាតិភាគតិច «Degar-ដេកា» ហៅថា «ម៉ុងតាញ៉ា» ដោយប្រើទង់ជាតិព្រះរាជាណាចក្រកម្ពុជា, ទង់ជាតិ (ម៉ុងតាញ៉ា) និងទង់ជាតិអាមេរិកំាង ស្ថិតចំកណ្ដាល ក្នុងការកាត់ខេត្ដខ្មែរបួនគឺ៖ មណ្ឌលគីរី រតនគីរី ក្រចេះ នឹងស្ទឹងត្រែង ជាស្វ័យភាពឲ្យជនបរទេសនោះ គឺបង្ហាញយ៉ាងច្បាស់ថា ជនជាតិម៉ុងតាញ៉ានេះគឺជារដ្ឋអធិបតេយ្យ មួយយ៉ាងពិតប្រាកដ ពីព្រោះទង់ជាតិ គឺជានិមិត្ដរូបតំណាងឲ្យអធិបតេយ្យជាតិបូរណភាពទឹកដីនៃរដ្ឋនីមួយៗ។ មានន័យថា «ចំពោះការប្រើទង់ជាតិជនជាតិ (ម៉ុងតាញ៉ា) នេះគឺជនជាតិ នេះស្មើនឹងរដ្ឋអធិបតេយ្យដូចខ្មែរ ឬអាមេរិកំាង» យ៉ាងដូច្នោះដែរ៕