(កំពង់ឆ្នាំង)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងតែមមាញឹកនឹងដំណើរការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ នៅតាមរាជធានី-ខេត្ត មានរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ខណៈខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានបញ្ចប់ជាផ្លូវការហើយក្នុងការជ្រើសរើសជើងឯកនេះ ដើម្បីត្រៀមលក្ខណៈនៅព្រឹត្តិការណ៍កីឡាលើកទី២ នាខែឧសភា ឆ្នាំនេះ ពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ លោក ធិន វិចិត្រ បានអះអាងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី២ហើយ ដែលសហព័ន្ធកីឡាចំបាប់បើកការប្រកួតស្វែងរកកីឡាករមានទេពកោសល្យ និងសមត្ថភាពសម្រាប់ត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ហើយក៏មានការបណ្តុះបណ្តាលដល់គ្រូនៅតាមក្លឹប និងអត្តពលិកឲ្យយល់ដឹងពីបច្ចេកទេស និងលក្ខខណ្ឌច្បាប់ប្រកួតតាមស្តង់ដារអន្តរជាតិផងដែរ។

លោកអគ្គលេខាធិការបានបន្ថែមថា អត្តពលិកដែលប្រកួតជ្រើសរើសរួចហើយ ពួកគេនឹងត្រូវត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី២ តំណាងឲ្យខេត្តរបស់ខ្លួន។ លោកថា បន្ទាប់ពីប្រកួតកីឡាជាតិហើយ អត្តពលិកដែលមានសមត្ថភាពពិតប្រាកដ សហព័ន្ធនឹងបន្តយកមកហ្វឹកហាត់ជាក្រុមយុវជនថ្នាល ដើម្បីត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ដោយឡែក លោក នង សារុន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការប្រកួតរើសជើងឯកប្រចាំខេត្តនេះ បានផ្តល់សារសំខាន់ខ្លាំងសម្រាប់កីឡាករ-កីឡាការិនី ក្នុងការឆ្លងកាត់ការប្រកួតថ្ងៃនេះ។ លោកជឿជាក់ថា កីឡាករប្រចាំខេត្តកំពង់ឆ្នាំងនឹងដណ្តើមបានមេដាយ ពីព្រឹត្តការណ៍កីឡាជាតិលើកទី២ ជាក់ជាមិនខាន។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំង នាពេលនេះ ទទួលបានការឧបត្ថម្ភពីលោក Casey Banette នាយកវិទ្យាស្ថាន CamEd Business School៕