(ភ្នំពេញ​)៖ ​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មីនា​ ឆ្នាំ​២០១៨​ នេះ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ គី​ ឫទ្ធី​ និង​លោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ពិនិត្យ​អំពី​ការ​សម្រេច​នៃ​ការ​ពន្យារពេល​នៃ​ការ​ឃុំ​ខ្លួន​កូន​ក្តី​ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូងឃ្មុំ​ ។

មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News ដឹង​ថា​ តាម​ច្បាប់​ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ជនត្រូវចោទ​បាន​ ។

មាត្រា​២០៨នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ចែងថា​៖ «ចំពោះ​នីតិជន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មិន​អាច​លើស​ពី​៦ខែ​បានទេ​។ ប៉ុន្ដែ​នៅ​ពេល​ផុត​ថិរវេលា​នេះ​ ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ពេល​​ការ​ឃុំ​ខ្លួន​ម្តង​បាន​៦ខែ​ ដោយ​មាន​ដីកា​សំអាង​ហេតុ​ត្រឹមត្រូវ ​និង​ច្បាស់លាស់​។ ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​បាន​តែ​២ដង​គត់​។

មន្ត្រី​តុលាការ​ពន្យល់​ថា​ មាត្រា​នេះ​ចង់​បង្ហាញ​ថា​ ជនត្រូវចោទ​ណា​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ អាច​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ ឃុំ​ខ្លួន​រហូត​ដល់​ទៅ​១៨ខែ​បានដោយ​មានដីកា​ សំអាង​ហេតុ​ត្រឹមត្រូវ​និង​ច្បាស់លាស់​។

លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក​កឹម​ សុខា​ ត្រូវ​បាន​ចោទប្រកាន់​បទ​ឧក្រិដ្ឋ​ បើ​យោង​តាម​មាត្រា​៤៦នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ មាត្រា​៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែង​ថា​ «បទល្មើស​ជា​បទ​ឧក្រិដ្ឋ​ នៅ​ក្នុង​ករណី​ដែល​អតិបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​ដែល​ត្រូវ​៖​ ទី១​ ជា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ទី២​ ជា​ទោស​ដាក់​ពន្ធនាគារ​លើស​ពី​៥ឆ្នាំ​និង​ក្រោម​ឬ​ស្មើ​នឹង​៣០ឆ្នាំ​។ ទោស​ដាក់​ពន្ធនាគារ​អាច​ត្រូវ​បន្ថែម​នូវទោស​ពិន័យ​ជា​ប្រាក់​ផងដែរ​។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ៕