(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ភ្លើងនៅតាមភូមិមួយចំនួនបណ្តោយផ្លូវចំការដូង និងផ្លូវទំនប់អូស្ត្រាលី ត្រូវតភ្ជាប់តភ្ជាប់ឡើងវិញហើយនៅវេលាម៉ោង ១០យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានដាច់អស់ជាច្រើនម៉ោង ព្រោះតែរថយន្តដឹកដីទាក់ជាមួយខ្សែបញ្ជូនអគ្គិសនី និងទាញឲ្យបាក់បង្គោលភ្លើងមួយដើមនោះ។

សូមបញ្ជាក់ថា នៅម៉ោង ៦៖៤០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ រថយន្តដឹកដីមួយគ្រឿងលើកបែនទាក់ជាមួយខ្សែបញ្ជូនអគ្គិសនី និងទាញបាក់បង្គោលភ្លើងមួយដើម ធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាច្រើនស្ថិតតាមបណ្តោយផ្លូវចំការដូង និងទំនប់អូស្ត្រាលី ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ។មកម្ល៉េះ។ តំបន់ដែលដាច់ភ្លើងនេះរួមមាន ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងផ្លូវទំនប់អូស្ត្រាលី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អគ្គិសនីកម្ពុជាបានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រុមការងារអគ្គិសនីកម្ពុជា បានប្រឹងប្រែងធ្វើការងារទាំងយប់ដោយញាប់ដៃញាប់ជើង ដើម្បីតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ហើយការតភ្ជាប់នេះបានរួចរាល់នៅ ១០យប់ថ្ងៃដដែលនេះ។

អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញ និងបង្គោលអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អគ្គិសនីកម្ពុជា ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលរង់ផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីនេះផងដែរ៕