(សិង្ហបុរី)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានបង្ហាញជំហររឹងមាំ​ក្នុងការគាំទ្រឲ្យមានការចរចាឡើងវិញ និងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប និងពិនិត្យលទ្ធភាពក្នុងចរចាបើកផ្លូវពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មដែលមានសក្តានុពលដទៃទៀតដូចជា កាណាដា អឺរ៉ុបអាស៊ី (EAEU) សមាគមពាណិជ្ជកម្មសេរី នៃសហភាពអឺរ៉ុប (EFTA) និង Pacific Alliance។

ការបង្ហាញជំហរបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៤ (24th AEM Retreat) ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។  កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំ បានអនុម័តលើឯកសារសេដ្ឋកិច្ចជាអាទិភាព ដែលបានស្នើដោយប្រទេសសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំអាស៊ាន​ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ ”Resilient and Innovative”។ ឯកសារសេដ្ឋកិច្ចជាអាទិភាពទាំងនោះមានដូចជា (១) ការជំរុញនវានុវត្តន៍ និងពាណិជ្ជកម្មអេឡិចត្រូនិក (២) ការធ្វើឲ្យប្រសើឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (៣) ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មផ្នែកសេវាកម្ម និងវិនិយោគ (៤)ការបង្កើតបរិយាកាសអនុគ្រោះសម្រាប់បទប្បញ្ញត្តិបរិស្ថាន (៥) ការបន្តវឌ្ឍនភាពទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដៃគូ និងបានពិភាក្សាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានដែលជាផ្នែកសំខាន់របស់អាស៊ាន។ បន្ថែមពីនេះទៀត កិច្ចប្រឹក្សាយោបល់​រវាងរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានគាំទ្រដល់ការកំណត់វិស័យជាអាទិភាព​សេដ្ឋកិច្ចរបស់អាស៊ានលើនវានុវត្តន៍ និងសេដ្ឋកិច្ច​ឌីជីតាល់ ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ និងបានទទួលគណៈប្រតិភូ​កម្ពុជាប្រកបដោយភាពកក់ក្តៅ ក្នុងអំឡុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៤នេះ៕