(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ ស្ថានភាពអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៨ ដោយចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជាទទួលរងនូវឥទិ្ធពលពិបាតុភូត ឡានីណា (La Nina) នាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពេញផ្ទៃប្រទេស។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា បាតុភូតសកល យោងតាមការពិនិត្យលើស្ថានភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិច ខាងលិច និងសមុទ្រចិនខាងត្បូង (ក្បែរខ្សែអេក្វាទ័រ) បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងនូវឥទិ្ធពលពិបាតុភូត ឡានីណា (La Nina)។ ​សម្រាប់ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាព បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងនឹងធ្លាក់រាយប៉ាយច្រើន ជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យម ភាគច្រើនឆ្នាំ។

សម្រាប់ដើមរដូវវស្សា ចាប់ពីខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅដើមសប្តាហ៍ទី១ នៃខែឧសភា
* តំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន
* តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន
* តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន

បាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖