(កណ្តាល)៖ ដើម្បីកុំឲ្យមានការព្រួបារម្ភពីការរំលោភបំពានទៅលើដីធ្លី ពីសំណាក់អ្នកដទៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវរស់រាន់ ចុះបញ្ជីដីធ្លីចៀសវាងខកខាន ធ្វើឲ្យលំបាកទៅថ្ងៃក្រោយ ហើយពេលនេះ បងប្អូនសំណាងណាស់ដែលជំនាញចុះមកធ្វើជូនដោយមិនគិតកំរ៉ៃអ្វីទាំងអស់។ នេះជាការថ្លែងបញ្ជាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងជាប្រធានគណៈកម្មការតំបន់វិនិច្ឆ័យ។

លោក គង់ សោភ័ណ្ឌ បានលើកឡើងដូច្នេះ នៅក្នុងពីធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម និងសំណង់ ខេត្តកណ្តាល រួមជាមួយមន្ត្រីជំនាញ រួមនិងប្រជាពលរដ្ឋនៅក្នុងឃុំវិហារសួគ៌ផងដែរ។

លោក លឹម ចាន់សុភី បាននិយាយទៅកាន់អង្គពិធីថា ការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ មន្ទីរបានអនុវត្តន៍ទៅតាមការណែនាំរបស់លោកអភិបាលខេត្តកណ្តាល ដោយបានចែកកម្លាំងជាច្រើនក្រុម ហើយបានចុះបញ្ជីជូនបងប្អូនប្រជាពលរដ្ឋ បានច្រើនស្រុកហើយ ដោយឡែកនៅស្រុកខ្សាច់កណ្តាល សម្រាប់ឃុំវិហារសួគ៌ ក្រោយពីធីផ្សព្វផ្សាយរួច មន្ត្រីជំនាញរបស់លោកនឹងចាប់ផ្តើមបំពេញបែបបទ ជូនប្រជាពលរដ្ឋរួចចុះបញ្ជីជូនពួកគាត់តែម្តង។

អភិបាលរងខេត្តកណ្តាលរូបនេះ ក៏សូមទទូចឲ្យប្រជាពលរដ្ឋ ចូលឲ្យបានសស្រាកសស្រាំបំផុត និងអនុគ្រោះបើមានការយឺតបន្តិចបន្តួច នៃការបំរើជូនប្រជាពលរដ្ឋ។

លោក គង់ សោភ័ណ្ឌ បានថ្លែងប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថា បងប្អូនសំណាងណាស់ដោយជំនាញចុះមកធ្វើប្លង់កម្មសិទ្ធិជូនដោយមិនគិតសេវ៉ាអ្វីទាំងអស់ ដូច្នេះសូមបងប្អូន ជួយផ្សព្វផ្សាយ បន្តដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានមក ដើម្បីឲ្យពួកគាត់បានមកចុះបញ្ជីដីធ្លីបានទាំងអស់គ្នា។ បងប្អូនត្រូវសហការគ្នាអ្នកមានព្រំដីជាប់គ្នា ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការបញ្ជីដីធ្លីជូនបងប្អូន។

លោកបានបន្តថា ការចុះបញ្ជីដីធ្លីគឺមានសារសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការថែរក្សាមិនមានការភ័យព្រួយពីការរំលោភបំពានពីអ្នកដទៃផងដែរ៕