(ក្រចេះ)៖ អាវុធហត្ថក្រុងក្រចេះ សហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ថ្មក្រែ បានចុះបង្ក្រាបរថយន្ដសាំងយ៉ុងដឹកឈើល្មើសច្បាប់១គ្រឿង ដែលដឹកឈើយ៉ាងសកម្ម។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

មន្ដ្រីអាវុធហត្ថក្រុងក្រចេះ បានដឹងថា រថយន្ដ១គ្រឿងនេះ ដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ក្រោយពីលោកទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដដឹកឈើនោះ ហើយបានឃ្លាំចំមើលធ្វើការបង្ក្រាបតែម្ដង។

មន្ដ្រីអាវុធហត្ថដដែរ បន្ដទៀតថា ប្រតិបត្តិបង្ក្រាបនេះ មិនបានឃាត់ខ្លួនម្ចាសរថយន្ដនោះទេ ក្រោយឃាត់រថយន្ដ ម្ចាស់រថយន្ដបានបើកទ្វារថយន្ដរត់តែម្ដង។

លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ឲ្យដឹងថា ឈើទាំងនោះ ជាឈើប្រភេទ ឈើធ្លក មានចំនួន៣៦សន្លឹក ត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីវាស់វែងកសាងសំណុំរឿង តាមនិតិវិធីរដ្ឋបាលព្រៃឈើ៕