(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងគ្រោងបង្កើត សាលាជំនាន់ថ្មី ចំនួនជាង២០០សាលា នៅគ្រប់ខេត្ត-ក្រុង ដោយផ្ដោតទៅលើ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)។

ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងនៅក្នុង សិក្ខាសាលា ស្តីពីការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) របស់គំរោងផ្តួចផ្តើម ស្តីពីមេដឹកនាំយុវជន វ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ដោយរៀបចំធ្វើឡើងដោយ ស្ថានទូតអាមេរិក រួមជាមួយនឹងមូលនិធិអាស៊ី និងគំរោង STEM Cambodia នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ផងដែរថា «ជាការពិតណាស់ នៅទីតាមជនបទ មានខ្វះខាតបើប្រៀបធៀបនឹងទីក្រុង ទាំងគ្រូបង្រៀន ទាំងបន្ទប់ពិសោធ​ន៍នៅមានកម្រិត ប៉ុន្ដែក្រសួងនឹងបង្កើត សាលាជំនាន់ថ្មី ឬក៏ថាជាសាលាគំរូ ជាង២០០សាលា នៅគ្រប់ខេត្ត-ក្រុង ដោយផ្ដោតទៅលើ STEM»

លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងពេលបច្ចុប្បន្ន ក្រសួង បានចំណាយថវិកាជាង៥០% ផ្ដោតទៅលើ STEM ដោយសារតែ STEM នេះ មិនមែនផ្ដល់ទៅដល់ តែសិស្សធំៗនោះទេ គឺផ្ដល់តាំងពីនៅក្មេង ដោយរៀនចាប់ផ្ដើមពីមូលដ្ឋានតែម្ដង។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការប្ដេជ្ញាចិត្តនៅក្នុងការកសាង និងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ដើម្បីបំពេញបាននូវតំរូវការថ្នាក់ជាតិ និងដោយឡែក តំរូវការក្នុងការអភិវឌ្ឍឧស្សាហកម្ម និងដើម្បីមានសមត្ថភាពប្រកួតប្រជែង នៅក្នុងទីផ្សារពលកម្ម ក្នុងតំបន់ដែលកាន់តែមានភាពបើកចំហរខ្លាំងឡើង។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ពេលនេះ គេមើលឃើញថា អាស៊ានមានការធ្វើសមាហរណកម្មកាន់តែច្រើន ហើយការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) បានបើកឲ្យមានឱកាសធំទូលាយ ឆ្លងព្រំដែន។

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជាដែលភាគច្រើន ស្ថិតនៅក្នុងវ័យក្មេង គឺជាអត្ថប្រយោជន៍មួយយ៉ាងធំ សម្រាប់ប្រទេស ហើយជាទុនមួយយ៉ាងធំ សម្រាប់ប្រទេសកម្ពុជា។

លោក William Heidt បន្ដថា «ខ្ញុំជឿយុវជនទាំងអស់ គួរតែមានឱកាសបានក្លាយជាអ្នកបង្កបង្កើតថ្មី អ្នកជំនាញផ្នែកសិក្សាអប់រំ អ្នកស្រាវជ្រាវ និងជាអ្នកដឹកនាំ ដែលអាចដោះស្រាយ បញ្ហាប្រឈមបន្ទាន់បំផុតរបស់ប្រទេសកម្ពុជា និងពិភពលោក។ ការសិក្សា មុខវិជ្ជា STEM គឺជាមធ្យោបាយមួយ ដ៏ប្រពៃក្នុងការរៀបចំសិស្ស និស្សិតជំនាន់ក្រោយ ឲ្យប្រែក្លាយចក្ខុវិស័យ នេះ ឲ្យទៅជាការពិត»

សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពីការសិក្សាមុខវិជ្ជា STEM របស់គំរោងមេដឹកនាំ យុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍នេះ ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ដោយមានការចូលរួមនៃយុវជន យុវនារីវ័យក្មេងចំនួន៥៩នាក់ ដែលមកពីប្រទេសអាស៊ានទាំង១០ ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជំរុញការសិក្សាមុខវិជ្ជា STEM។

សិក្ខាសាលានេះ នឹងផ្តោតលើសារៈសំខាន់ នៃការសិក្សាមុខវិជ្ជា STEM ភាពខ្វះចន្លោះ ក្នុងជំនាញក្នុងមុខវិជ្ជា STEM នារី ដែលសិក្សាមុខវិជ្ជា STEM និងគំនិតថ្មីៗ ទាក់ទងនឹងមុខវិជ្ជា STEM៕