(ភ្នំពេញ)៖ លោក​វេជ្ជបណ្ឌិត ​Peter ​Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យ​​គន្ធបុប្ផា ជំនួសលោក​វេជ្ជបណ្ឌិត ​Beat ​Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម របស់លោក​វេជ្ជបណ្ឌិត ​Peter ​Studer ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨​ នាទីស្ដីការក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ​Peter ​Studer បានថ្លែងទៀតថា លោកពិតជារីករាយស្វាគមន៍ នូវការចូលរួមចំណែកប្រមូលធនធានឲ្យកាន់តែច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិសេសគឺជួយឧបត្ថម្ភថវិកាប្រមាណ១៥លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ និងបន្ដនៅឆ្នាំក្រោយៗទៀត របស់សម្ដេចតេជោ ហ៊ុន សែន ។

លោកវេជ្ជបណ្ឌិតបន្ដថា លោកនឹងខិតខំប្រឹងដូចគ្នា ក្នុងការកៀរគរសប្បុរសជននៅក្រៅប្រទេស​ ដើម្បីប្រមូលថវិកាមកជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត រួមទាំងសហការជួយក្រសួងសុខាភិបាលម្ពុជា ដើម្បីជួយសង្គ្រោះដល់កុមារ និងស្ដ្រី ឲ្យបានទាន់ពេលវេលាផងដែរ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងផងដែរថា ក្រសួងនឹងសហការជានិច្ច ក្នុងការចូលរួមលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា លើសពីនោះ នឹងស្វែងរកសប្បុរសជនជិតឆ្ងាយ ដើម្បីប្រមូលថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ រដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជាតិ-អន្ដរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ​ ដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមក ហើយក៏ស្នើដល់ដល់ម្ចាស់ជំនួយទាំងអស់ សូមបន្ដឧបត្ថម្ភជាបន្ថែមទៀតផងដែរ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាយ៉ាងមុតមាំថា រាជរដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់ចំណែក កាន់តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែសម្ដេចនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជាមួយទៀត ហើយសម្ដេចនឹងធ្វើជាប្រធានកិត្តិយស ដើម្បីប្រមូលធនធានឲ្យកាន់តែច្រើនសម្រាប់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលចំនួនកុមារយ៉ាងច្រើន មិនត្រូវថាបាត់លោក Beat Richner មួយ មន្ទីរពេទ្យគន្ធបុប្ផាត្រូវដួលរលំនោះទេ។

សូមជម្រាបថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល​២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)៕