(ភ្នំពេញ)៖ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង ជិះរថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់ជីវិតទាំងកណ្តាលយប់ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែសំណាងល្អមិនស្លាប់ គ្រាន់តែធ្ងន់ និងស្រាល ហើយធ្លុះធ្លាយរថយន្តជាច្រើនគ្រាប់។

តាមសម្តីសាក្សី មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក Toyota Tacoma ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះរងគ្រោះរូបនោះ បម្រុងឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំនៃរថយន្ត បណ្តាលឲ្យត្រូវជនរងគ្រោះ ទាំងពីរនាក់ ដែលនៅក្នុងរថយន្ត Tacoma នោះតែម្តង ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ។

នារីដែលគេប៉ងបាញ់ផ្តាច់ជីវិតនេះ មានឈ្មោះ សិង វិន អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ និងមានផ្ទះនៅកន្លែងកើតហតុខាងលើ ចំណែកបុរសជាដៃគូ មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា មាបមុខរបរជាអ្នករកស៊ី និងមានទីលំនៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត Tacoma ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយ បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ដែលបាញ់ហើយប៉ុណ្ណោះ។

អ្នករងរបួសទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕